ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោសដោយគាស់ទម្លុះទម្លាយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោសដោយគាស់ទម្លុះទម្លាយ (គាស់ឃ្លាំងចូលលួចយកខោអាវ) កាលពីវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងឃ្លាំងសិប្បកម្មកាត់ដេរខោអាវ មីងរូយឃាង ផ្លូវលំ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុត សុភក្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩០សេ ផ្លូវលេខ៥៨ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសាធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ូវ លីប៊ួយ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ ប្រធារដ្ឋបាលសិប្បកម្មកាត់ដេរខោអាវ មីងរូយឃាង ស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់មាន ៖ ខោអាវសរុបចំនួន៣.០០០ខោអាវ ។

សម្ភារៈបន្សល់ទុក ៖ ខោជើងវែងពណ៌ខ្មៅចំនួន១៦៣៨ខោ , ខោជើងខ្លីពណ៌ខ្មៅចំនួន១២៧ខោ , អាវយឺតដៃខ្លីចំនួន៥០អាវ , អាវយឺតវាលឃ្លៀកចំនួន៥៨០អាវ ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានពីជនរងគ្រោះថា នៅចំណុចខាងលើ ត្រូវបានចោរធ្វើសកម្មភាពគាស់ឃ្លាំងសិប្បកម្មលួចយកខោ អាវ អស់មួយចំនួនធំ ក្រោយពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុងខាងលើ ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវកំណត់មុខសញ្ញាបាន រហូតឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សុត សុភក្តិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចតាមផ្លូវលេខ៥៨ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចនាំខ្លួនជនសង្ស័យទៅធ្វើការឆែកឆេររកវត្ថុតាង នៅក្នុងផ្ទះរបស់ជនសង្ស័យ រកឃើញវត្ថុតាងខាងលើ រួចកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ៖ ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕តុង សីហា


ចែករំលែក៖