ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលគួចកាណុងជ្រុងខាងកើត ផ្លូវព្រះមុន្នីវង្ស ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឡាំ ញឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបំរុងថ្នល់ការ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ទី១-ម៉ូតូមួយគ្រឿង ម៉ាក HONDA ZOOMER X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GL-6448 លេខតួ 5161377 និងលេខម៉ាស៊ីន016137 (ប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្ន)។ ចំណែកជនរងគ្រោះ ឈ្មោះ លីន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៤១ ផ្លូវលេខK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ទៀបភ្លឺ ជនរងគ្រោះឈ្មោះ លីន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ បានជិះម៉ូតូ HONDA ZOOMER X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GL-6448 មកហាត់ប្រាណនៅរង្វង់មូលគួចកាណុង ពេលធ្វើដំណើរមកដល់បានចតម៉ូតូទុកនៅចិញ្ចើមផ្លូវរង្វង់មូលគួចកាណុងជ្រុងខាងកើត ដោយបានចាក់សោកត្រឹមត្រូវ រួចក៏ដើរហាត់ប្រាណជាធម្មតា ។ លុះពេលជនរងគ្រោះដើរហាត់ប្រាណបណ្តើរមើលមកម៉ូតូរបស់ខ្លួនបណ្តើរ ស្រាប់តែឃើញជនសង្ស័យឈ្មោះ ឡាំ ញឿន ភេទប្រុស អាយុ២២ឆ្នាំ ឡើងអង្គុយលើម៉ូតូកំពុងធ្វើសកម្មភាពលួចកាច់.កម៉ូតូរបស់ខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកផ្អើលឆោឡោចោរៗ ខណៈនោះជនសង្ស័យបានរត់គេចខ្លួនកាត់តាមសួនច្បារទៅទិសខាងជើង ត្រូវជនរងគ្រោះ រួមជាមួយអ្នកជិតខាងហាត់ប្រាណក្បែរគ្នា ចាប់ឃាត់ខ្លួនជនសង្ស័យ រួមនិងម៉ូតូនាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។

ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចកាច់.កម៉ូតូជនរងគ្រោះមែន ហើយសោម៉ូតូបានបោះចោលបាត់រកមិនឃើញ ។ បន្ទាប់ពីកើតហេតុម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ ៕ស តារា


ចែករំលែក៖