ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនា បែកធ្លាយជាមុខសញ្ញាចោរឆក់ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ករណីហិង្សាដោយចេតនា និងជាមុខសញ្ញាចោរឆក់ និងប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅហាងហៃយាន ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនសង្ស័យ មានឈ្មោះ កង សុជា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយធ្វើតេស្តិ៍ទឹកនោមមានសារធាតុញៀន និងជាមុខសញ្ញាឆក់, ២ ឈ្មោះ ខន សុជា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតបា្រកដ មានទីលំនៅ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ពុំមានសារធាតុញៀន ប៉ុន្តែជាមុខសញ្ញាឆក់ និងទី៣ ឈ្មោះ ម៉ែន មុន្នីនាថ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ធ្វើតេស្តទឹកនោមមានសារធាតុញៀន និងមុខសញ្ញាឆក់ផងដែរ ។

ប្រភពបន្តថា ចំណែកជនរងគ្រោះជាជនជាតិចិនមានឈ្មោះ ណុង សុីយាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរកាន់លិខិតឆ្លងដែនលេខ G43802868 វីសា EB មានសៀវភៅការងារ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយពុំមានរបួសចំណែកម៉ូតូត្រូវជនសង្ស័យវាយបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ។

ក្រោយពីសមត្ថកិច្ចបានសាកសួរជនសង្ស័យទាំង៣នាក់រួចមក សមត្ថកិច្ចបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖