ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៦នាក់រឹបអូសថ្នាំញៀនកញ្ចប់នៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រា បានឃាត់ ជនសង្ស័យប្រុសស្រី៦នាក់ ដែលជាជនជាតិវៀតណាម ខណៈពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀនជាក់ស្ដែង និងដកហូតបានថ្នាំញៀន៨កញ្ចប់ កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកប្រា លោក ឡូ ភារម្យ បានប្រាប់ឲ្យដឹងថា មុនការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់ ដែលជាជនជាតិវៀតណាមទាំង៦នាក់ និងវត្ថុតាងខាងលើនោះ គឺកម្លាំងរបស់លោកបានជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋាន រហូតឈានទៅដល់ទីតាំងកើតហេតុ ហើយក៏ប្រទះឃើញជនសង្ស័យ២នាក់ ជាប្ដីប្រពន្ធ កំពុងឈរលក់ថ្នាំញៀននៅនឹងចិញ្ចើមផ្លូវ ក្បែរមុខផ្ទះកើតហេតុហើយមានជនសង្ស័យប្រុសស្រី៤នាក់ទៀត កំពុងប្រើប្រាស់ថ្នាំញៀនផងដែរ។

ដោយមានការសង្ស័យ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រា ក៏បានហៅពួកគេឆែកឆេរស្រាប់តែរកឃើញមានថ្នាំញៀន៨កញ្ចប់ ទើបឃាត់ខ្លួនទាំង៦នាក់តែម្ដង។

បន្ទាប់មកជនសង្ស័យប្រុសស្រីជាជនជាតិវៀតណាម៦នាក់ និងវត្ថុតាង ត្រូវបាន នគរបាលប៉ុស្ដិ៍ព្រែកប្រា កសាងសាណុំរឿង បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បាប់អំពៅដើម្បី ចាត់ការបន្តតាមនិតិវិធី៕ ប្រាថ្នា

 


ចែករំលែក៖