ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស​ម្នាក់វាយកញ្ចក់ទ្វារហាងម៉ាស្សាបែក ខឹង​ម្ចាស់​ហាង​​បិទទ្វារ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដោយសារតែខឹងម្ចាស់ហាងម៉ាស្សាបិទទ្វារ ក៏វាយកញ្ចក់បំបែកអស់២ផ្ទាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលា​ម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ មហា​ហេង ផ្លូវ​បេតុង ភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​ម្ចាស់​ហាង​មានឈ្មោះ នាង ឆវី ភេទ​ស្រី អាយុ២៥ឆ្នាំ មាន​មុខរបរថៅកែ​ហាង​ម៉ាស្សា យីហោ មហា​ហេង​ស្នាក់នៅ​​ក្នុងភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ឈ្មោះ វ៉ាង វ៉ង ភេទ​ប្រុស ​អាយុ ៣១ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ផ្ទះជួល​ ភូមិទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើ​បន្ទាប់ពី​ផឹកស៊ី​​ស្រវឹង​ស្រឿង ហើយ​បាន​ដើរទៅរ​កក​ន្លែ​ងម៉ាស្សា​សម្រួល​សរសៃ ​ក្រែង​បាន​ស្វាង ខណៈទៅដល់​ចៃដន្យ​ម្ចាស់​ហាង​ដល់​ម៉ោង​បិទទ្វារ ឡើង​ដេក​បាត់អស់ ស្រាប់តែ​បុរស​នោះបាន​អង្រួន​ទ្វារ​ និង​ស្រែក​ឡូឡាឲ្យ​បើក​ទ្វារដើម្បី​ចូលទៅ​ម៉ាស្សា រហូត​ខឹងសម្បារ វាយ​បំបែក​កញ្ចក់ទ្វារ​អស់​ចំនួន២ផ្ទាំង ម្ចាស់​ហាង​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាននគរបាលប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូនទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ សុខាសែនជ័យ


ចែករំលែក៖