ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ដកហូតបានថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ មុខសញ្ញាជួញដូរថ្នាំញៀន ដែលសមត្ថកិច្ចតាមដានជាយូរមកហើយនោះ ពេលនេះឃាត់ខ្លួនបានហើយ ខណៈដែលជននេះ ចរាចរណ៍ថ្នាំញៀនទៅឲ្យម៉ូយ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលវេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិចំបក់ ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោ ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនសង្ស័យឈ្មោះ ហែម ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃាត់ខ្លួនខាងលើ ។

វត្ថុតាង ដែលសមត្ថកិច្ច ដកហូតមាន ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន២១កញ្ចប់ ស្មើ១២.៨១ក្រាម, ម៉ូតូ១គ្រឿង,ទូរស័ព្ទដៃ១គ្រឿង,លុយខ្មែរ១មុឺនរៀល ។

លោកប្រធានបន្តថា កម្លាំងជំនាញរួមទាំងស្រុក បានចុះល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យកំពុងឈររេរា នៅចំណុចខាងលើ គួរឲ្យសង្ស័យ ក៏ឃាត់ខ្លួនដើម្បីត្រួតពិនិត្យ ក្រោយឆែកឆេរ កម្លាំងរបស់លោកបានរកឃើញម្សៅសថា្លសង្ស័យថ្នាំញៀន ចំនួន២១កញ្ចប់ លាក់ទុកក្នុងហោប៉ៅ ក៏ឃាត់ខ្លួននាំមកសាកសួរតាមជំនាញ ។

លោកទិត្យ វណ្ណៈ បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាចាស់នេះ មានការសម្រប សម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ ។ ជនសង្ស័យ គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ថ្នាំញៀនទាំងអស់គឺជារបស់ខ្លួន ដែលយកមកលក់ឲ្យម៉ូយនៅចំណុចខាងលើ ។ ពេលកំពុងឈររង់ចាំម៉ូយមកយកថ្នាំ ស្រាប់តែសមត្ថកិច្ច ឃាត់ខ្លួន ឆែករកឃើញថ្នាំញៀនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង សម្ភារទាំងអស់ត្រូវបានបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ៕ សេនាស័ក្តិ


ចែករំលែក៖