ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនម្នាក់ក្រោយយកកាំបិតកាប់បំផ្លាញស្លាក់គណបក្សប្រជាជនកម្ពុជាស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកកំរៀងខេត្តបាត់ដំបង ក្រោយប្រើប្រាស់កាំបិតកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាស្រុកកំរៀងមួយផ្ទាំង កាលពីវេលាម៉ោង៧ យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ១៨ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

ការឃាត់ខ្លួនយុវជនដែលកាប់បំផ្លាញគណបក្សប្រជាជនកម្ពុជានៅស្រុកកំរៀង សមត្ថកិច្ចធ្វើឡើង ជាលើកដំបូង គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា នៅស្រុកកំរៀងធ្លាប់កើតមានការកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា២ទៅ៣ករណីមកហើយ សមត្ថកិច្ចទើបតែចាប់ឃាត់ខ្លួនយុវជនសង្ស័យបានម្នាក់តែប៉ុណ្ណោះ ។ ពាក់ព័ន្ធនឹងការកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាបែបនោះ សមត្ថកិច្ចមិនទាន់ដឹងថា អាចជាប់ពាក់ព័ន្ធនិងរឿងនយោបាយ ឬយ៉ាងណានៅឡើយនោះទេ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវស៊ើបអង្កេតជុំវិញបញ្ហានេះ ខណៈដែលការរៀចចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតមកដល់នោះ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្សយរងការចាប់ឃាត់ខ្លួនមានឈ្មោះ ផាត សុភាព អាយុ២៤ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេខឹងនឹងសង្សារ ទើបរូបគេបញ្ចេញកំហឹងបែរជាទៅកាប់បំផ្លាញស្លាកគណបក្សប្រជាជនបែបនោះ ។ ប៉ុន្តែការឆ្លើយសារភាពរបស់ជនសង្ស័យដូច្នេះ សមត្ថកិច្ចមិនទាន់ជឿជាក់នៅឡើយនោះទេ កំពុងបន្តតាមដាវស្រាវជ្រាវស៊ើបអង្កេតខ្លាចក្រែងជនសង្ស័យឆ្លើយកុហកសមត្ថកិច្ច ពីព្រោះថា មូលហេតុដោយសារខឹងសង្សារ ហើយទៅវាយកាប់ស្លាកគណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាឆ្លើយដោះសារ គេសង្ស័យខ្លាចក្រែងមានការបង្គាប់បញ្ជានៅខាងក្រោយខ្នងឱ្យធ្វើសកម្មភាពបែបនោះ ។

ជនសង្ស័យនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់ពីបទព្រហ្មទណ្ឌធ្វើឱ្យខូចខាតដោយចេតនា ៕ សំ វិច្ឆិកា


ចែករំលែក៖