ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀនម្នាក់ យកថ្នាំញៀនមកលក់ឲ្យជនបង្កប់របស់ប៉ូលិស

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ សែនសុខ បានឃាត់ខ្លួនបុរសម្នាក់ដោយចោទថា សង្ស័យពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា ដែលនៅជាប់តាមខ្លួនមួយចំនួនផងកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់ដីមាស ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ សី សារ៉ុន ហៅ ផ្លយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ០៣ សង្កាត់ស្រះចកខណ្ឌដូនពេញមានស្រុកកំណើតភូមិអន្សងអក ឃុំអន្សងអក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យនិយាយថាថ្នាំញៀន ទាំងនេះវាជារបស់ខ្លួនពិតមែន ដោយបានទិញក្នុងតម្លៃ១០ម៉ឺនរៀល ពីគេបន្តមកដែរ ដើម្បីយកទៅចែកចាយលក់បន្ត តែខណៈយកថ្នាំអោយគេក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងដោយមិនដឹងថា អ្នកដែលកុម្មង់ទិញថ្នាំញៀនពីខ្លួននោះ ជាមនុស្សសម្ងាត់របស់ប៉ូលិសសោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវនិងបញ្ជូនទៅតុលាការ៕ តុង សីហា


ចែករំលែក៖