ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង៣នាក់ប្រភេទបក្សីកីឡានៅស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ ភាពសុខសាន្ត ជូនដំណេកប្រជាពលរដ្ឋ ស្របតាមទិសស្លោករាជរដ្ឋាភិបាលលើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព នៅព្រឹកថ្ងៃពុធ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់រួមមាន បញ្ជល់មាន់ និងអាប៉ោង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុនឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។ លោកថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។

លោកបញ្ជាក់ថា ការបង្ក្រាបទីតាំងប្រព្រឹត្តល្បែងស៊ីសងខាងលើ កម្លាំងរបស់លោកឃាត់មនុស្ស៣នាក់ ដកហូតវត្ថុតាងមួយចំនួន ។ លោកប្រាប់ថា អ្នកទាំង៣នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ នុត វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម , ២-ឈ្មោះ ឈាង ផល្លី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ , ៣-ឈ្មោះ ឃឹម ឆ័ង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ។ អ្នកទី២និងទី៣ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖