ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន២នាក់ក្នុងបន្ទប់ផ្ទះសំណាក់យីយោ យិនសិុនថ្មិ ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់, មូលដ្ឋានកងរាជអាវុធហត្ថក្រុង, ប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប និងប្រជាការពារភូមិ ដឹកនាំដោយលោក វរ:សេនីយ៍ទោ យឹម ស៑ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះឆែកឆេរបន្ទប់មួយ នៃផ្ទះសំណាក់យីយោ(យិនសុិនថ្មី)ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារមួយចំនួនថែមទៀត។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់លេខ២៦នៃផ្ទះសំណាក់យីយោ(យិនសុិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង,ខេត្តពោធិ៍សាត់។

លោក វរ:សេនីយ៍ទោ យឹម ស៑ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ចេង សុធារិទ្ធ ហៅលុច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី២ ឈ្មោះ ស៑ន់ សុីនុត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកបន្តថា ដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់(តូច ០១កញ្ចប់ ធំ ០១កញ្ចប់)ជញ្ជីងថ្លឹងសារធាតុញៀនចំនួន ០១គ្រឿង ឧបករណ៍សំរាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន ការបូបតូចពណ៌ខ្មៅចំនួន ០១ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿងផងដែរ។

ជនសង្ស័យ និងវត្ថុតាង បាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖