ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន មន្ត្រីនគរបាលក្រុងកំពតដកកាំភ្លើងគំរាមអ្នកបើកបររថយន្តនិងអ្នករួមដំណើរជាច្រើននាក់យកទៅដាក់ពិន័យ

ចែករំលែក៖

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលដែលបានដកកាំភ្លើងចេញពីក្នុងកែបម៉ូតូ គំរាមអ្នកបើកបររថយន្ត និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត នៅចំណុចផ្លូវចូលទឹកឈូរ ខេត្តកំពត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នោះ ត្រូវបានឃាត់ខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ហើយកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង។

មន្ត្រីរូបនេះឈ្មោះ ម៉េង ដា អាយុ៣៤ឆ្នាំ ជាមន្រ្តីនៃអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗផងដែរ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីទទួលបានព័ត៌មាននេះ ខ្ញុំបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវភ្លាមៗ ហើយរកឃើញថា មន្ដ្រីនគរបាលនោះ បម្រើការនៅអធិការដ្ឋាននគរបាលក្រុងកំពត ហើយខ្ញុំបានបញ្ជាកម្លាំងចុះទៅឃាត់ខ្លួនដើម្បីយកមកសួរនាំ»។

បើតាមលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំ លោកនឹងប្រជុំក្រុមប្រឹក្សាវិន័យ ហើយប្រសិនបើកំហុសមន្ដ្រីនគរបាលនោះធ្ងន់ធ្ងរ អាចនឹងឈានការកាត់ក្របខ័ណ្ឌចោលតែម្ដង ព្រោះលោកមិនបណ្ដែតបណ្ដោយឲ្យមន្ដ្រីនគរបាលដែលជាអ្នកបម្រើប្រជាពលរដ្ឋ ទៅប្រព្រឹត្តទង្វើបែបនេះជាដាច់ខាត។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ គេមិនទាន់ដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ដែលនាំឲ្យមន្រ្តីនគរបាលរូបនេះ ទាញកាំភ្លើងខ្លីទៅភ្ជង់ប្រជាពលរដ្ឋនៅលើរថយន្តយ៉ាងដូច្នេះដែរ ទោះបីភ្នាក់ងារកាសែតនគរវត្តព្យាយាមទូរស័ព្ទសុំការបញ្ជាក់ពីម្ចាស់រថយន្តក្នុងរឿងនេះមិនបាន ដោយទូរស័ព្ទមិនចូល ៕ ប្រាថ្នា


ចែករំលែក៖