ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន ៤នាក់រួមទាំងវត្ថុតាង និងសម្ភារ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសហការប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្រ្កាបករណីប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនពាក់ព័ន្ធចំនួន ៤នាក់ជាបន្តបន្ទាប់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃអង្អារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងថា ជំហានទី១ កម្លាំងឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ទី១ ឈ្មោះ គង់ កន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ទី២ ឈ្មោះ រៀម បូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន និងទី៣ ឈ្មោះ រាំង ទីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន អ្នកទាំង ៣នាក់ឃាត់ខ្លួនខណៈកំពុងប្រើប្រាស់ ដកហូតនូវវត្ថុតាងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ២កំប្លេ ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់តូច ស្មើនឹងទម្ងន់ចំនួន ០,៧០ក្រាម ទូរស័ព្ទចំនួន ៣គ្រឿង និងម៉ូតូចំនួន ២គ្រឿងផងដែរ។

របាយការណ៍បន្តថា ដោយឃាត់ខ្លួនអ្នកទាំង ៣នាក់នេះ ទើបកម្លាំងប្រើល្បិចចាប់ខ្លួនជនចែកចាយបានម្នាក់ទៀតឈ្មោះ ភុំ ដារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកញ្ជើបាចដាយ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតនូវវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ ស្មើនឹងទម្ងន់ចំនួន ១៣,០៧ក្រាម ថង់ផ្លាស្ទេចមួយចំនួន ទូរស័ព្ទចំនួន ២គ្រឿង លុយខ្មែរចំនួន ២៣,០០០រៀល និងលុយអាមេរិចចំនួន ៥ដុល្លា ម៉ូតូចំនួន ១គ្រឿង។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនទាំងចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន


ចែករំលែក៖