ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ប្រធានអង្គការម្នាក់ដើររៃលុយពលរដ្ឋបានជិត៥ម៉ឺនដុល្លារដោយបោកថាជួយដោះស្រាយបញ្ហាដីធ្លី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែល អះអាងខ្លួនជាប្រធានអង្គការ២ធ្នូត្រូវបាន កម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន បន្ទាប់ពីជនរូបនេះបានធ្វើសកម្មភាពបោកប្រាក់តាមរយៈរូបភាពដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋបានរហូតជិត៥ម៉ឺនដុល្លារ ដោយសន្យាថានឹងយកទៅដោះស្រាយ រឿងទំនាស់ដីធ្លីជូនពលរដ្ឋចំនួន១៧៤ គ្រួសារ ។

មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹង ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅលោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានបញ្ជាឱ្យកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យ៉ុន សុធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអនុប្រធានអង្គការសហគមន៍២ធ្នូដែល មានទីលំនៅភូមិព្រែកចង្ក្រានក្រោម ឃុំ ព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែងបានធ្វើសកម្មភាពចុះពង្រឹងសាខា ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ និងបានឆបោកប្រាក់ពីប្រជា ពលរដ្ឋចំនួន១៧៤គ្រួសារក្នុងការដោះដូរឱ្យដីដល់ប្រជាពលរដ្ឋដែលមានទំនាស់។

តំណាងប្រជាពលរដ្ឋទាំង១៧៤គ្រួសារ ទី១-ឈ្មោះអុឹង គួន ភេទប្រុស អាយុ៤៨ឆ្នាំ, ទី២-ឈ្មោះ ស៊ឹម ស៊ីរ៉ាន់ ភេទប្រុស អាយុ ៤៩ឆ្នាំ និងទី៣-ឈ្មោះ ង៉ោត ជៀន ភេទ ស្រី អាយុ៥៣ឆ្នាំ បានបំភ្លឺប្រាប់នគរបាល ថា ក្នុងអំឡុងឆ្នាំ២០១៦មានឈ្មោះ យ៉ុន សុធី និងឪពុកឈ្មោះ យ៉ុន សាវ៉ាត ដែល បានអះអាងថា ខ្លួនជាប្រធាននិងអនុប្រធាន អង្គការសហគមន៍២ធ្នូបានដើរប្រមូលលុយពីពួកគាត់ទាំង១៧៤គ្រួសារដើម្បីយកទៅដោះស្រាយផ្តល់ដីធ្លីជួនប្រជាពលរដ្ឋទាំងអស់គ្នាដោយសន្យាថា ក្នុងមួយគ្រួសារនឹងទទួលបានដីមួយឡូត៍នៅតំបន់ព្រែកត្រាច និងអន្លង់ត្រី ភូមិពូធឿង ឃុំបិតត្រាំង ស្រុក ព្រៃនប់។

ប្រជាពលរដ្ឋរងគ្រោះបានបន្តថា ក្រោយពេលប្រមូលលុយបានខ្លះហើយ ជននេះបានយកឯកសារថ្នាក់លើមកបង្ហាញថា ជិតបានដីហើយតែនៅខ្វះលុយសម្រាប់រត់ការបន្ថែមទៀតប៉ុណ្ណោះទើបប្រជាពល រដ្ឋនាំគ្នាប្រមូលលុយឱ្យថែមទៀត ព្រមទាំង សន្យាថានឹងប្រគល់ដីឲ្យប្រជាពលរដ្ឋនៅខែមករា ឆ្នាំ២០១៧។ ប៉ុន្តែបាត់សូន្យឈឹង រហូតមកទើបពួកគាត់ដាក់ពាក្យបណ្តឹងទៅកាន់លោកអភិបាលខេត្តដើម្បីស្នើសុំ ជួយធ្វើអន្តរាគមន៍រកយុត្តិធម៌។ ប្រជាពល រដ្ឋបានអះអាងថា លុយដែលជនខាងលើឆបោកពួកទាំងអស់គ្នាសរុបជិត៥ម៉ឺន ដុល្លារអាមេរិក ។

ជនសង្ស័យឈ្មោះ យ៉ុន សុធី ត្រូវបាន នគរបាលសាកសួរតាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕ ហេង សូរិយា


ចែករំលែក៖