ព័ត៌មានទាន់ហេតុការណ៍៖

ឃើញទូរស័ព្ទម្ចាស់គេភ្លេចក្នុងរថយន្ត យកដុំថ្មគប់បំបែកកញ្ចក់យកបានសម្រេចគេចខ្លួនបាត់ ប៉ុន្មានម៉ោងក្រោយមកជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់បំបែកកញ្ចក់រថយន្តដើម្បីលួចយកទូរស័ព្ទម្ចាស់គេភ្លេចក្នុងរថយន្ត បានសម្រេចហើយ រត់គេចខ្លួនបាត់ ប៉ុន្មានម៉ោងក្រោយមកត្រូវម្ចាស់ឆែកតាមប្រពន្ធGPSតាមចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅម្តុំផ្សារឃ្លាងរំសេវ សង្កាត់ទឹកល្អកក់៣ ខណ្ឌទួលគោក ក្រោយធ្វើសកម្មភាពលួចយកទូរសព្ទ័ដៃជនរងគ្រោះ នៅចំណុចក្នុងឡានុមុខផ្ទះសង់ថ្មីគ្មានលេខ ផ្លូវ១០១៥ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ ភូ ជឺឡុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៤កា ក្រុម១៣ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ នង លុយមីញែរ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុនតាស៊ីឆយ ស្នាក់នៅផ្ទះសង់ថ្មីគ្មានលេខ ផ្លូវ១០១៥ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈខូចខាត ៖ រថយន្តហាយឡែនឌ័របែកកញ្ចក់ចំហៀងខាងក្រោយ ។

សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃចំនួន០១គ្រឿងម៉ាកសាំសុង ប្រគល់ឲ្យជនរងគ្រោះវិញ និងសោរទីបចំនួន០១ដើមរបស់ជនសង្ស័យប្រើធ្វើសកម្មភាព ។

តាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួន មកទុកនៅមុខផ្ទះរបស់ខ្លួន ហើយបានទុកទូរសព្ទ័ដៃមានសាំសុងនៅក្នុងរថយន្ត ដោយមានចាក់សោរត្រឹមត្រូវ រួចជនរងគ្រោះចូលទៅក្នុងផ្ទះដេក ។ លុះព្រឹកឡើងជនរងគ្រោះក្រោកពីដេក ឃើញបែកកញ្ចក់ឡានក៍មកមើលឃើញបាត់ទូរសព្ទ័ដៃពីក្នុងរថយន្ត ហើយជនរងគ្រោះបាន ភ្ជាប់ប្រព័ន្ធGPS តាមទូរសព្ទ័ដៃមួយគ្រឿងទៀត ឃើញលោតនៅម្តុំផ្សារឃ្លាងរំសេវ រួចជនរងគ្រោះបានសុំសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកល្អកក់៣ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃដដែរ ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹងជនសង្ស័យតែម្តង ។

ប្រភពដដែលបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនបានមកដល់ចំណុចកើតហេតុងខាងលើ បានឃើញឡានទុកនៅមុខផ្ទះរួចខ្លួនបានយកសោរទីបវាយកញ្ចក់រថយន្តខាងក្រោយ បណ្តាឲ្យបែកហើយខ្លួនបើកទ្វាររថយន្តលួចយកទូរសព្ទ័ដៃ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម្តុំផ្សារឃ្លាំងរំសេវតែម្តង) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖