ព័ត៌មានទាន់ហេតុការណ៍៖

ចងចាំ និងអបអរសាទរខួបទី ៣៩ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះជាខួបលើកទី ៣៩ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៧) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស២ធ្នូ គឺបានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត។

ខួប៣៩ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ៣០ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៦) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូងស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជា។

យើងទាំងអស់គ្នាចងចាំជានិច្ចនូវការចូលរួមរបស់ពលរដ្ឋកម្ពុជា និងកងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។

សូមជូនពរជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕ សុខ ខេមរា

 


ចែករំលែក៖