ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តនិងម៉ូតូទុកចោលមុខផ្ទះ ភ្ញាក់ឡើង ក្រុមចោរលួចបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ម្ចាស់ស្រវឹង ចតចោលមុខផ្ទះ ពេលភ្ញាក់ដឹងខ្លួនរកមើលទ្រព្យ ចោរលួចបាត់ ។ ករណីម្ចាស់ប្រហែសទុកទ្រព្យក្រៅផ្ទះ ត្រូវចោរលួចបាត់នឹក បានភ្ញាក់ផ្អើលនៅម៉ោង៤ និង៥៥នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះតែម កុសល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ទ្រព្យដែលចោរលួចទៅបាត់នោះមាន ទី១-រថយន្ត១គ្រឿងម៉ាកតាកូម៉ា១បាំងកន្លះ ពណ៌ស ស្លាកលេខកោះកុង2A-០៧៤៦ និងទី២-ម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហមគ្មានស្លាកលេខ ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១១ ខែដដែល(មិនចាំម៉ោង) គាត់បានបើករថយន្តមកពីហូបចុកខាងក្រៅ ដោយសារស្រវឹងផង ភ្លេចចាក់សោទ្វាររថយន្ត រួចចូលដេកក្នុងផ្ទះលង់លក់បាត់ទៅ ។ លុះដល់ស្វាងស្រាភ្ញាក់ពីដេកនៅម៉ោង៤ និង៥៥នាទី ចេញមកមើលបាត់រថយន្តពីមុខផ្ទះនិងម៉ូតូ១គ្រឿងទៀត ចតក្បែររគ្នាតែម្តង ។

ជនរងគ្រោះ បញ្ជាក់ថា រថយន្តចតបែរក្បាលទៅរកផ្លូវ ។ ចំណែកម៉ូតូ ចាក់សោកង់ត្រឹមត្រូវ ។

ក្រោយពីដឹងថាចោរលួចរថយន្ត និងម៉ូតូបាត់ដោយសុវត្ថិភាព ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ចាប់ក្រុមចោរមកចាត់ការតាមច្បាប់៕សេនាស័ក្តិ


ចែករំលែក៖