ព័ត៌មានទាន់ហេតុការណ៍៖

ចប់បណ្ដោយសូម្បីម៉ូតូអភិបាលស្រុក ក៏មិនលើកលែងដែរ លោកចោរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍ផ្អើលឆោឡោដល់អ្នកលក់ដូរគ្រប់ៗគ្នា នៅក្នុងផ្សារប្រសូត្រ ចេញមកចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈដែលបុរសម្នាក់ ដែលគេស្គាល់ថា ជាចៅហ្វាយស្រុកស្វាយទាប បានឈប់ម៉ូតូមិនដកសោរួចដើរមកតូបលក់គុយទាវ ហូបបានពាក់កណ្ដាលចាន ក្រឡេកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងផ្សាប្រសូត្រថ្មី ភូមិប្រសូត្រ១ ឃុំប្រសូត្រ ស្រុកស្វាយទាប ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកកែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ពិតជាមានករណីបាត់ម៉ូតូពិតប្រាកដមែន ដែលម្ចាស់ម៉ូតូជាចៅហ្វាយស្រុកស្វាយទាបមានឈ្មោះ ម៉ែន សារ៉ាន់ មានអាយុ៥០ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។

រីឯម៉ូតូដែលបាត់ម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ សេរ៊ី២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១I៥៧៦៩។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ដែលគេស្គាល់ថា ជាអភិបាលស្រុកស្វាយទាបបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥មកឈប់នៅផ្សារប្រសូត្យ ដោយធ្វេសប្រហែសមិនបានដកសោចេញ ហើយក៏បានចូលក្នុងហាងហូបគុយទាវមួយភ្លែត លុះប្រមាណជា១០នាទី ស្រាប់តែមានការភ្ញាក់ផ្អើលឡើងថា បាត់ម៉ូតូធ្វើឲ្យមនុស្សក្នុងផ្សារចេញមកមើលតែម្ដង ។

លោកអធិការបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមដានគ្រប់ច្រកល្ហក រកមុខសញ្ញាដើម្បីយកផ្ដន្ទាទោសឲ្យខានតែបាន ៕ យឹម សុថាន


ចែករំលែក៖