ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់បោកគេតាមហ្វេសប៊ុកអស់ជិត២០ម៉ឺនដូល្លារ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នកនេសាទជួយទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បានសម្រេច តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដោយសារចាញ់បោកគេ តាមហ្វេសប៊ុកអស់ជិត២០ម៉ឺនដុល្លារ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ងួន វណ្ណារី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ដ និងមានស្រុកកំណើតនៅភូមិ សំបួរមាស ខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនចាញ់បោកគេតាមហ្វេសប៊ុកអស់លុយជិត២០ម៉ឺនដុល្លារ និងត្រូវប្ដីស្ដីបន្ទោស ទើបរត់ចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួនតែម្ដង ។

ក្រោយពីលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា រួចធ្វើឲ្យអ្នកធ្វើដំណើរ ឆ្លងកាត់មានការភ្ញាក់ផ្អើលនាំគ្នាឈរចោមរោមមើលពីស្ពានទៅលើផ្ទៃទឹក លុះមួយសន្ទុះ ក្រោយមកស្រាប់តែឃើញអ្នកនេសាទបានជួយស្រង់ស្ត្រីរងគ្រោះចេញពីក្នុងទឹក និងយកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្រះចក និងទាក់ទងទៅក្រុមឲ្យមកទទួលស្ត្រីរងគ្រោះយកទៅផ្ទះវិញ ៕ សុខាសែនជ័យ


ចែករំលែក៖