ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនដៃដល់ម្នាក់យកកូនកាំបិតចាក់ម្ចាស់ផ្ទះរងរបួសធ្ងន់សង្ស័យករណីគំនុំ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងផ្ទះអ្នកជិតខាងដើម្បីរកមាន់ ខណៈដែលរកឃើញហើយជួបម្ចាស់ផ្ទះចេញពីបន្ទប់ទឹកយកកូនកាំបិតទៅចាក់ចំថ្ពាល់ បណ្ដាលឲ្យរបួសធ្ងន់ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែលស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យមានឈ្មោះ ប៉ុន លីហួ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ រីជនរងគ្រោះឈ្មោះ នុត សុខម៉េង ហៅស្រីស ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (រងរបួសធ្ងន់ត្រង់ថ្ពាល់ខាងស្ដាំ) ។ ជនសង្ស័យនិងជនរងគ្រោះជាអ្នកជិតខាងនិងគ្នា មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្តាល ។

ប្រភពដដែលបន្ដថា នៅវេលាថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ១៩ ជនសង្ស័យឈ្មោះ ប៉ុន លីហួ បានបាត់មាន់ឈ្មោលរបស់ខ្លួនមួយក្បាល ក៏បានផ្លោះរបងចូលរកមាន់ក្បែរផ្ទះរបស់ជនរងគ្រោះឈ្មោះ នុត សុខម៉េង ដោយក្នុងដៃមានកាន់កូនកាំបិតចិត្តបន្លែចំនួនមួយផងដែរ ។ លុះរកមាន់ឃើញហើយ ជនសង្ស័យឈ្មោះ ប៉ុន លីហួរ ក៏ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែជួបគ្នាជាមួយជនរងគ្រោះឈ្មោះ នុត សុខម៉េង កំពុងបើកទ្វារចេញពីក្នុងបន្ទប់ទឹក ភ្លាមនោះជនសង្ស័យក៏បានយកកាំបិតដែលកាន់ជាប់ដៃទៅចាក់ជនរងគ្រោះឈ្មោះ នុត សុខម៉េង ចំនួនមួយកាំបិតត្រូវចំថ្ពាល់ខាងស្តាំ បណ្តាលឲ្យមានស្នាមមុតហូរឈាមយ៉ាងខ្លាំងទទួលរងរបួសធ្ងន់ រួចបានផ្លោះរបងចូលមកក្នុងផ្ទះរបស់ខ្លួន រីកាំបិតជាវត្ថុតាងនោះ ជនសង្ស័យបានយកទៅបោះចូលក្នុងទឹកទន្លេរបាត់តែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹង កន្លងមកឈ្មោះ នួន ដែលជាឪពុកជនសង្ស័យ និងឈ្មោះ ប្រុស ត្រូវជាប្ដីជនរងគ្រោះ តែងមានទំនាស់គ្នាជាញឹកញាប់ អំពីរឿងព្រុំដី ទើបបានជនសង្ស័យត្រូវជាកូនប្រុសរបស់ឈ្មោះ នួន កើតមានគំនុំហ៊ានយកកាំបិតទៅចាក់ប្រពន្ធជនរងគ្រោះរងបួសធ្ងន់យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖