ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនរួមទាំងដកហូតថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលស្រុក ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ប៉ូលិសស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ាវ ឡេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជុលទូរស័ព្ទ មានទីលំក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់ (កញ្ចប់ធំ១និងមធ្យមចំនួន១) ,ទូរស័ព្ទដៃ១គ្រឿងនិងសម្ភរៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

ប្រភពដដែលបន្ដថា ជនសង្ស័យគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំផ្សារដែក កន្លងមកប៉ូលិសបានតាមដានជនសង្ស័យជាយូរមកហើយតែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកបាន លុះមកដល់ថ្ងៃខែឆ្នាំកើតហេតុកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងជួញដូរនិងចែកចាយថ្នាំញៀននៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះក៏បានធ្វើការចុះបង្រ្កាបនិងសុំឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងជាក់ស្ដែងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

ae (1) ae (2)


ចែករំលែក៖