ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយគេចខ្លួនបាន៨ឆ្នាំក្នុងករណីប្លន់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​៖ ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅក្នុង​ភូមិ​អូរ​ក្រូច ស្រុក​ត្រ​ពាំ​​ង​ប្រាសាទ បន្ទាប់ពី​គេចអស់រយៈពេលខ្លួន​ជាង​៨​ឆ្នាំ ពាក់​ព័​ន្ឋ​ករណី​ប្លន់ នៅខេត្តស្វាយរៀង។

​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​​មានឈ្មោះ អោ រ័ត្ន ហៅ​ង៉ោ​​ល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​​រមាសហែក ខេត្តស្វាយរៀង​។

ជននេះ​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ស្ថិតនៅ​ក្នុងភូមិ​វត្ត​​ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១០ ហើយ​បាន​រត់គេចខ្លួន​ទៅ​រស់នៅ​ក្នុងភូមិ​អូរ​ក្រូច ស្រុក​ត្រ​ពាំ​​ង​ប្រាសាទ រហូតដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ទើបត្រូវបាន​នគរបាល​អ​នុ​វត្ត​ន៍​តាម​ដីកា​បង្គាប់​ឲ្យ​​ចាប់ខ្លួន​​របស់លោក ទ្រី សុភ័​ក្រ ចៅក្រម​ស៊ើបសួរ​សាលា​ដំ​​បូ​ង​ខេត្តស្វាយរៀង។

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕ ប៉ែន នួន


ចែករំលែក៖