ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានឃាតកសម្លាប់មនុស្សហើយដុតផ្ទះចោលទាំង៤នាក់នៅខេត្តក្រចេះនោះហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅមុននេះបន្តិច សមត្ថកិច្ចបានបង្ហើបថា នគរបាលបានចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់មនុស្សមួយគ្រួសារ ហើយដុតផ្ទះសម្លាប់ចោលយ៉ាងរន្ធត់​ដើម្បីបង្វែរដានសមត្ថកិច្ចនៅខេត្តក្រចេះនោះហើយ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចបាននិងកំពុងដំណើរការសាកសួរជនសង្ស័យ៤នាក់ឈ្មោះ ចឹក ម៉ៅ, ឈ្មោះចឹក លឹម, ឈ្មោះចឹក ណូ និងឈ្មោះម៉ៅ ញ៉ាញ់ ហើយអាចនឹងបញ្ជូនទៅកាន់​តុលាការវិនិច្ឆ័យទោសតាមច្បាប់ ។

គួរបញ្ជាក់ថា សមាជិកមួយគ្រួសារ មានកូនពីរនាក់ នឹងឪពុកម្តាយរស់នៅដាច់ស្រយ៉ាលមួយ ត្រូវបានឃាតកសម្លាប់ហើយដុតកម្ទេចចោលនៅក្នុងផ្ទះស្លាប់យ៉ាងវេទ​នា នៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីអំឡុងថ្ងៃទី៩ ទៅថ្ងៃទី១០ ខែសីហា ហើយសមត្ថកិច្ចខេត្តក្រចេះទើបតែដឹងព័ត៌មាននេះ​នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ទី១ ឈ្មោះ ឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុក, ទី២ឈ្មោះ ជួន សុខនាង ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ ។ ទី៣ ឈ្មោះ ឈាន ភឹមសី ភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាកូន និងទី៤ឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំត្រូវជាកូន ។

សមត្ថកិច្ចសន្និដ្ឋានថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ក៏បានដុតផ្ទះ និងសាកសពដើម្បីបង្វែរដាន ជាគ្រោះអគ្គិភ័យ ។ នៅកន្លែងកើតហេតុ គេបានប្រទះឃើញមានសំបកកាំភ្លើង ដែលជាតម្រុយក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចផងដែរ ។

សាកសពត្រូវសមត្ថកិច្ចរៀបចំប្រមូលបញ្ចុះទុកបណ្តោះអាសន្នរង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 



ចែករំលែក៖