ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានចោរ៣នាក់ឆក់កាបូបជនជាតិចិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានឲ្យដឹងថា នគរបាលបានចាប់ឃាត់ខ្លួនជនសង្សយ័២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ក្រោយជនសង្សយ័ទាំង៣នាក់ ធ្វើសកម្មភាព ឆក់កាបូបជនជាតិចិនបណ្តាលឲ្យជនរងគ្រោះដួលនិងរងរបួស កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ៣០នាទីយប់ នៅចំណុចផ្លូវចំណោតជិតចំណតរថយន្តចាស់ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ដោយចោទក្នុងបទល្មើស(លួចមានស្ថានទម្ងន់ទោស) ក្នុងនោះក្រុមជនសង្សយ័ ដែលមានគ្នាចំនួន០៣នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបរបស់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបជាមួយមិត្តភក្រ័ បណ្តាលឲ្យ ដួលម៉ូតូហើយជនរងគ្រោះរងរបួស រលាត់កែងដៃខាងស្តាំ , រលាត់ត្រកៀកខាងស្តាំ និងរលាត់ ក។

ជនសង្សយ័មាន ១-ឈ្មោះ លី ជាសាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើការក្នុងផ្សារម៉ាត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។ ២-ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រាច ខេត្តកំពត ( ជិះក្រោយឆក់ ) ។ ៣-ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ( ជិះកណ្តាល ) បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរក ។

ជនរងគ្រោះឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ E៩៩៨៩៨៣៤៦ ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

រីឯសម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយចំហៀង ១ ពណ៌ខ្មៅ, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក SAMSUNG ពណ៌ស ។

វត្ថុតាងចាប់យកបានពួកចោរឆក់កាបូបនោះមាន៖ កាបូបស្ពាយចំហៀង ១ ពណ៌ខ្មៅ ( ផលនៃអំពើទុច្ចរិត ), ទូរស័ព្ទដៃ ១គ្រឿង ម៉ាក SAMSUNG ពណ៌ស ( ផលនៃអំពើទុច្ចរិត ) , ម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣១៨០២៧ ( មធ្យោបាយធ្វើសកម្មភាព ) ។

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖