ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពលរដ្ឋគេថា ខុសច្បាប់ តែដល់គេចាប់ពលរដ្ឋខ្លួនឯងវិញថា មិនអាចទទួលយកបាន

ចែករំលែក៖

រឿងរ៉ាវប៉ូលិសកាណាដា ចាប់ពលរដ្ឋចិនតាមបញ្ជារបស់អាមេរិក ហើយចិនបានសងសឹក ដោយចាប់ពលរដ្ឋកាណាដា២រូបដាក់គុក ធ្វើឲ្យកក្រើកក្តៅហ៊ុយក្នុងវិស័យទំនាក់ទំនងការទូតប្រទេសទាំងបី ។ ចិនបានព្រមានរួចហើយថា បើកកាណាដាមិនដោះលែង អគ្គហិរញ្ញវត្ថុក្រុមហ៊ុន ហ៊ូវ៉ាយ ទេនោះ កាណានឹងទទួលរងផលលំបាកហើយ ។

អ្នកស្រី Meng Wanzhouអាយុ៤៦ឆ្នាំ ត្រូវប៉ូលិសកាណាដាចាប់ខ្លួនតាមការស្នើសុំរបស់អាមេរិក ដែលថាបានរំលោភច្បាប់ដាក់ទណ្ឌកម្មអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ ។ ការចាប់ខ្លួននេះធ្វើឡើងនៅទីក្រុងVancouver ខណៈអ្នកស្រីកំពុងរង់ចាំជើងហោះហើរ ។ បច្ចុប្បន្ននេះ ស្ថានភាពរបស់អ្នកស្រី អគ្គហិរញ្ញវត្ថុក្រុមហ៊ុនហ៊ូវ៉ាយ គឺត្រូវតុលាការកាណាដាអនុញ្ញាតឲ្យនៅក្រៅឃុំ ថ្នូរនឹងការបង់ប្រាក់ធានាប្រមាណជិត១០លានដុល្លារអាមេរិក ព្រមទាំងសុខចិត្តឲ្យគេដាក់ឧបករណ៍តាមដានសកម្មភាពគ្រប់ជំហាន ។

រដ្ឋាភិបាលចិន បានស្នើឲ្យកាណាដា ដោះលែង អ្នកស្រី Meng Wanzhouនេះជាបន្ទាន់ បើពុំនោះទេ កាណាដា និងចិន ប្រាកដជារងផលលំបាកជាមួយគ្នា ។ ដោយមិនបង្អង់រង់ចាំយូរ ចិនបានចាប់ខ្លួន អតីតមន្ត្រីទូតកាណាដាប្រចាំនៅចិនម្នាក់ ឈ្មោះ MichealKovrigហើយបន្ទាប់មកទៀតចាប់ខ្លួនអ្នកជំនាញខាងសេដ្ឋកិច្ចកាណាដាម្នាក់ទៀតឈ្មោះ MichealSpavorដាក់ឃុំខ្លួន ក្រោមបទចោទថា គំរាមកំហែងដល់សន្តិសុខចិន ។

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា «យើងច្បាស់ជាក្រោកឈរដើម្បីប្រជាជនយើងដែលត្រូវបានឃុំឃាំង យើងព្យាយាមឲ្យគេពន្យល់ពីមូលហេតុអ្វីបានជាចិនធ្វើបែបនេះ ។ នេះជាទង្វើដែលយើងមិនអាចទទួលយកបាននោះទេ» ។

ដូចគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានព្រលយពាក្យដែរថា ការចាប់ខ្លួនពលរដ្ឋកាណាដា ពីសំណាក់ប្រទេសចិនខាងលើនេះ គឺពិតជា«មិនអាចទទួលយកបានឡើយ» ។

អ្នកវិភាគខ្លះបានលើកឡើងថា ប្រទេសមហាអំណាចខ្លះជាមនុស្សខូច ធ្វើទុក្ខបុកម្នេញគេស្រេចតែចិត្តនឹកឃើញ លុះដល់គេធ្វើសកម្មភាពតបតវិញ តាំងតែស្រែកឡើងថា អយុត្តិធម៌ណាស់ មិនអាចទទួលយកបានទៅវិញ? ៕


ចែករំលែក៖