ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អតីតសង្ឃម្នាក់បោកប្រាស់លុយ១៨ម៉ឺនដុល្លារពីស្រី្តមានមុខមាត់ម្នាក់រឿងវត្ថុស័ក្តិសិទ្ធធ្វើ ពីសំរិទ្ធ

ចែករំលែក៖

ភ្នំពេញ៖ អតីតសង្ឃម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១៩ ខែមករា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីឆបោកប្រាក់១៨ម៉ឺនដុល្លារ តាមរូបភាពយកគំនូររូបថតព្រះគីណេស ធ្វើការបញ្ចុះបញ្ចូលលើលោកស្រីមានមុខមាត់ម្នាក់ដោយកុហកថា ជាវត្ថុស័ក្តិសិទ្ធិអាចជួយការពារបានរាប់រយរាប់ពាន់ជំពូក ដោយគ្រាន់តែយក ទៅដាក់តម្កល់ក្នុងលំនៅស្ថាន ។

មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា អតីតសង្ឃឈ្មោះ កែវ កល្យាណ អាយុ៣៨ឆ្នាំ បួសនៅវត្តអាស្រមឧត្តមព្រៃមាន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ កែវ ល្យាណ បានប្រើល្បិចទៅបញ្ចុះបញ្ចូលលោកស្រីម្នាក់ អាយុ៤៨ឆ្នាំ ឲ្យទិញលោហៈធាតុធ្វើអំពីសំរិទ្ធតម្លៃ១៨ម៉ឺនដុល្លារ ដែលជាវត្ថុស័ក្តិសិទ្ធិយកទៅទុក ក្នុងលំនៅស្ថានឲ្យត្រជាក់ត្រជុំដើម្បីជួយការពារ និងថែរក្សាអាយុជីវិត ព្រមទាំងជួយដល់ការប្រកបមុខរបររកស៊ីឲ្យមាសប្រាក់ហូរចូលទៀតផង ។

មន្ត្រីនគរបាលឲ្យដឹងទៀតថា ក្រោយមកជនសង្ស័យបានតម្រូវឲ្យជនរងគ្រោះ ផ្ទេរប្រាក់ចូលក្នុងគណនីធនាគាររបស់គេ តាមរយៈធនាគារ អេស៊ីលីដា និងបានសន្យាប្រគល់លោហៈធាតុសំរិទ្ធនោះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ។

ដោយមានការជឿទុកចិត្ត ជនរងគ្រោះ បានបញ្ចូនទឹកប្រាក់គ្រប់ចំនួនទៅក្នុងគណនីធនាគារជនសង្ស័យតាមរយៈធនាគារអេស៊ីលីដា នៅម្តុំអង់តែនទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្រាប់តែឈ្មោះ កែវ កល្យាណ បានទៅដកប្រាក់ ពីគណនីធនាគារទាំងអស់រួចគេចខ្លួនបាត់ព្រមទាំងបិតទូរស័ព្ទចោលទៀត ។រហូតលុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ទើបនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកប្រាក់ពីជនរងគ្រោះមែន តាមរយៈបង្ហាញរូបថត ជារូបគំនូរព្រះគីណេសថា ជាវត្ថុស័ក្តិសិទ្ធិ ដើម្បីបញ្ចុះបញ្ចូលបោកយកប្រាក់១៨ម៉ឺនដុល្លារ ៕ ប្រាថ្នា

asb asb (1)


ចែករំលែក៖