ព័ត៌មានទាន់ហេតុការណ៍៖

ចិនគំរាមដំឡើងពន្ធលើទំនិញអាមេរិក ៦០ពាន់លានដុល្លារជាការសងសឹក

ចែករំលែក៖

ចិនបានព្រមានថានឹងដំឡើងពន្ធលើ មុខទំនិញអាមេរិក ជាង ៥ពាន់មុខទំនិញ នាំចូលពីអាមេរិកដេលមានទឹកប្រាក់ជាង ៦០ពាន់លានដុល្លារ។ នេះជាសកម្មភាព ដែល ចិនឆ្លើយតបនឹងទីក្រុងវ៉ាស៊ីនតោនដែលបានប្រកាស ដំឡើងពន្ធលើផលិត ផលចិនមាន តម្លៃជាង ២០០ពាន់លាន ដុល្លារ ។

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីរដ្ឋមន្ត្រីក្រសួងពណិជ្ជកម្មចិន កាលពី ថ្ងៃទី៣ខែសីហាបានប្រកាសថា ចិន បានត្រៀមលក្ខណសម្រាប់ដំឡើងពន្ធលើមុខទំនិញ អាមេរិក។ កាលពីថ្ងៃទី១១ ខែ កក្ដដា ឆ្នាំ២០១៨រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសដំឡើងពន្ធ ១០ភាគរយ ទៅលើទំនិញចិនមានតម្លៃជាង ២០០ ពាន់លានដុល្លារ ។ កាលពីថ្ងៃទី ២ ខែ សីហា មន្ទីរពាណិជ្ជកម្មអាមេរិក បាន ប្រកាសថា អាចនឹងដំឡើងពន្ធលើមុខ ទំនិញចិន ឡើងដល់២៥ភាគរយ។

រដ្ឋាភិបាលចិន បង្ខំចិត្តត្រូវតែវាយបកទៅលើសកម្មភាពរបស់អាមេរិក ។គណៈ កម្មការពន្ធដារ របស់ចិន បានសម្រេច ដំឡើងពន្ធលើមុខទំនិញអាមេរិក ចាប់ពី ២៥%,២០%,១០%, ៥%, ដល់ទំនិញ ៥.២០៧មុខនាំចូលពីអាមេរិក មានតម្លៃ ៦០ពាន់លានដុល្លារ។

ទីក្រុងប៉េកាំងបានបញ្ជាក់ថា ការអនុ វត្តដំឡើងពន្ធខាងលើ គឺនៅមិនទាន់អនុវត នៅឡើយទេ ហើយប្រសិនបើអាមេរិក អនុម័តដំឡើងពន្ធមានតម្លៃ ២០០លាន ដុល្លារ ដល់ចិននោះ ចិននឹងឆ្លើយតបវិញ ភ្លាម។ នៅពេលនេះអ្វីគ្រប់យ៉ាងបានរៀបចំរួចរាល់។

សារព័ត៌មាន CNBC បានផ្សាយថា អាមេរិក បានចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយដល់ទំនិញចិនកាលពីថ្ងៃទី ៦ខែ កក្កដា ហើយពីរម៉ោងក្រោយមកចិន ក៏បានដំឡើងពន្ធអាមេរិកវិញ ។ ជាមួយ គ្នានោះ លោកត្រាំក៏បានប្រកាសថា នឹង ដំឡើងពន្ធ ចិនដល់ ៥០០ពាន់លានដុល្លារ គឺជាចំនួនដ៏ខ្ពស់ស្មើ នឹងតម្លៃទំនិញនាំចូលពីចិនកាលពីឆ្នាំ ២០១៧។

សង្គ្រាមពាណិជ្ជកម្ម តើនឹងធ្វើឲ្យអាមេរិកទទួលបានផលចំណេញ ឬ ក៏ខាតដូច គ្នា? សង្គ្រាមពាណិជ្ជកម្ម មិននាំមកនូវ ផលចំណេញដល់ប្រទេសណាមួយនៅ ក្នុងសង្គ្រាមនោះឡើយផ្ទុយទៅវិញប្រទេសទាំងសងខាងរងការខាតបង់ដូចគ្នា ។ មិនតែប៉ុណ្ណោះ ពិភពលោក ទាំងមូល ក៏ប្រឈមនឹងវិបត្តិដូចគ្នា ។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាន ព្រមានថា សង្គ្រាមពាណិជ្ជកម្មនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

ពាក់ព័ន្ធស្ថានភាពនៅអាមេរិកក្រសួងពាណិជ្ជកម្មអាមេរិក បានចេញរបាយ ការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣ សីហា ដោយបានបង្ហាញតួលេខ ស្តីពីជញ្ជីងពាណិជ្ជកម្មរបស់អាមេរិក ដែលកាន់តែផ្អៀង ធ្ងន់ខ្លាំង ទៅខាងការនាំចូល។ ការនាំចូល ទំនិញពីបរទេស មានទំហំកាន់តែធំលើស ការនាំចេញទំនិញអាមេរិក ទៅកាន់ បរទេស។ គម្លាតគ្នានេះ បានកើនឡើង ចំនួន៧,៣% ក្នុងរវាង១៩ខែចុងក្រោយ នេះ បើទោះបីជារដ្ឋាភិបាលលោកដូណាល់ ត្រាំ បានគំរាម និងអនុវត្តពន្ធពិន័យ ទៅលើការនាំចូលទំនិញពីបរទេសខ្លះក៏ដោយ។

គម្លាតគ្នារវាងការនាំចេញ នឹងការនាំ ចូល នៃទំនិញ និងសេវាកម្មគ្រប់មុខនៅ សហរដ្ឋអាមេរិក មានចំនួន៤៦,៣ពាន់ លានដុល្លារ នៅក្នុងខែមិថុនា ឆ្នាំ២០១៨។ ចំនួននេះ បង្ហាញថា ឱនភាពពាណិជ្ជកម្ម របស់អាមេរិក មានកាន់តែច្រើន ពោលគឺ បានកើនឡើង ចំនួន៧,៣% ដោយការ នាំចេញបានថយចុះ ០,៧% នៅសល់ត្រឹម ២១៣,៨ពាន់លានដុល្លារ រីឯការនាំចូល បានកើនឡើង ០,៦% ក្នុងទឹកប្រាក់សរុប២៦០,២ពាន់លានដុល្លារ។ កំណើននៃឱន ភាពនេះ គឺវាបានលើសទៅនឹងកម្រិតដែលអ្នកជំនាញបានរំពឹងថែមទៀតផង។

យោងតាមរបាយការណ៍ ចេញផ្សាយ កាលពីថ្ងៃសុក្រ ដោយក្រសួងពាណិជ្ជកម្ម អាមេរិក បានបង្ហាញថា ការនាំចេញរថយន្ត របស់អាមេរិក បានថយចុះក្នុងខែមិថុនា ចំនួន៩០០លានដុល្លារ ចំណែកការ នាំចេញយន្តហោះ បានថយចុះចំនួន២០០ លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចូល ទំនិញឱសថសាស្ត្រ និងផលិតផលវេជ្ជ សាស្ត្រ ព្រមទាំងផលិតផលបំប្លែងចេញពីប្រេងកាត បានកើនឡើង ក្នុងទឹកប្រាក់ ចំនួន ១២០០លានដុល្លារ។

របាយការណ៍ក៏បង្ហាញដែរថា ឱនភាព ជញ្ជីងពាណិជ្ជកម្ម រវាងអាមេរិក នឹងចិន បានកើនឡើង ១,៣% ស្មើនឹង៣២,៤៥ ពាន់លានដុល្លារ រីឯជាមួយសហភាពអឺរ៉ុប ក៏កើនឡើងចំនួន៧,៨%។ ដូចគ្នាដែរ ជញ្ជីងពាណិជ្ជកម្មផ្នែកទំនិញរវាងអាមេរិក នឹង កាណាដា បានកើនឡើង២២,៤% ហើយ ជាមួយនឹងមិុចស៊ិក កើន១៤,៤៥% ដោយ ការនាំចេញទំនិញរបស់អាមេរិក សុទ្ធតែ បានចុះថយទាំងអស់។

សូមរំលឹកថា កាលពីខែមិថុនា រដ្ឋាភិ បាលលោកដូណាល់ត្រាំ បានសម្រេចដាក់ ពន្ធពិន័យកប់ពពក ទៅលើផលិតផល បរទេស។ លោកដូណាល់ ត្រាំ បានដាក់ កំហិតឲ្យចិន ត្រូវធ្វើយ៉ាងណា កាត់បន្ថយ ឱនភាពពាណិជ្ជកម្ម រវាងអាមេរិក នឹងចិន ឲ្យបាន២០០ពាន់លានដុល្លារ។ ចិន បានឆ្លើយតបមកវិញ ថា គេនឹងដាក់វិធានការពិន័យលើការនាំចូលទំនិញអាមេរិក ក្នុងទឹកប្រាក់ ៦០ពាន់លានដុល្លារ បើសិន ជារដ្ឋាភិបាលលោកដូណាល់ ត្រាំ នៅតែ រឹងចង់ពិន័យលើផលិតផលចិន។

គួរកត់សម្គាល់ថា ឱនភាពសេដ្ឋកិច្ច អាមេរិកនេះ បានកើនឡើង បើទោះបី ជារដ្ឋាភិបាលលោកដូណាល់ ត្រាំ បាន ប្រកាសសង្រ្គាមពាណិជ្ជកម្ម ជាមួយ ប្រទេសជាច្រើនក៏ដោយ។ ពន្ធពិន័យលើ ការនាំចូលទំនិញបរទេស ដូចជាដែកថែប អាលុយមីញ៉ូម និងគម្រោងដាក់ពន្ធពិន័យលើការនាំចូលរថយន្តពីបរទេស ហាក់មិនបានជួយទប់ឱនភាពនៃជញ្ជីងពាណិជ្ជកម្មនេះទេ។ ផ្ទុយទៅវិញ ជាមួយនឹងការគំរាម វាយបក ពីសំណាក់ចិន ដែលចង់បិទការនាំចូលទំនិញខ្លះពីអាមេរិក គឺរឹតតែធ្វើឲ្យ ទីផ្សារអាមេរិក ជួបការលំបាក។ ដូច ប្រទេសដទៃ ដែលរងពន្ធពិន័យរបស់អាមេ រិក មិុចស៊ិក បានសម្រេចវាយបកវិញ ទៅលើការនាំចូលទំនិញ ផលិតផល កសិឧស្សាហកម្ម ចំណីអាហាររបស់អាមេ រិក៕ ម៉ែវ សាធី


ចែករំលែក៖