ព័ត៌មានទាន់ហេតុការណ៍៖

ចិនត្រៀមបើកទីតាំងយោធានៅក្រៅប្រទេសជាលើកដំបូង

ចែករំលែក៖

នាវាដឹកទាហាន និងអាវុធជាច្រើនរបស់ចិន បានធ្វើដំណើរឆ្ពោះទៅកាន់ សាធារណរដ្ឋ Djibouti ជាការត្រៀមលក្ខណៈបើកទីតាំងយោធាជាលើកដំបូងរបស់ចិននៅក្រៅប្រទេស។ នាវាដឹកទាហាន និងអាវុធ បានចាកចេញពីប្រទេសចិន កាលពីយប់ ថ្ងៃទី១១ ខែកក្កដា ក្នុងគោលដៅបង្កើតទីតាំងយោធា ជួយ ដល់ ប្រទេស Djibouti។

មេបញ្ជាការកងទ័ពចិន លោក Shen Jinlong បានប្រកាសបង្កើតទីតាំងយោធា នៅពីរប្រទេស នៅទ្វីបអាហ្វ្រិក ។ ប៉ុន្តែចិនមិនបានប្រកាសថា ពេលណា នឹង ដំណើរការទីតាំងយោធានោះឡើយ។

ការដាក់ពង្រាយកម្លាំងទាហានខាងលើ ក្រោយពេលដែលរដ្ឋាភិបាលចិន និង Djibouti បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ កម្លាំងទាហានចិន នៅទីនោះ នឹងផ្តល់ជំនួយ ក្នុងការការពារ រក្សាសន្តិភាព និង ជួយសង្គ្រោះ មនុស្សធម៌ នៅទ្វីបអាហ្វ្រិក ក៏ដូចជា នៅអាស៊ីភាគខាងលិច។

សារព័ត៌មាន ស៊ីនហួរបានដកស្រង់ការប្រកាសរបស់កម្លាំងទាហាន ចិន បញ្ជាក់ថា«ទីតាំងយោធានឹងជួយដល់សកម្មភាពរបស់ទាហានចិននៅក្រៅប្រទេស ក្នុងនោះមានកិច្ចសហប្រតិបត្តិការយោធា ធ្វើសមយុទ្ធរួម ជួយសង្គ្រោះបន្ទាន់ និងការពារពលរដ្ឋចិននៅក្រៅប្រទេស»។

ចិនបានចាប់ផ្តើមសាងសង់ទីតាំងយោធាដំបូងគេបង្អស់នៅក្នុងប្រទេស Djibouti នាឆ្នាំ២០១៦ ហើយនេះ គ្រាន់តែជាទីតាំងទី១របស់ចិន។

ប្រទេស Djibouti គឺជា ទីលាន របស់ប្រទេសមហាអំណាច ពិភពលោក ដូចជា អាមេរិក បារំាងជប៉ុន …គឺមានទីតាំង យោធានៅទីនោះ។ មូលហេតុ ដែលប្រទេសមហាអំណាចដាក់ទីតាំងយោធានោះ ដោយសារតែ ប្រទេសនេះជាប់ព្រំដែន សូម៉ាលី យ៉េម៉ែន Ethiopia សូដង់ខាងត្បូង គឺជាតំបន់ក្តៅនៅលើពិភពលោក។

ចំណែកចិន និងប្រទេស Djibouti បានចុះកិច្ចព្រមព្រៀង ស្តិពីសន្តិសុខការពារជាតិនៅឆ្នាំ២០១៤។ នៅពេលនេះ ទីតាំងយោធា កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ ។ ដីដែលសាងសង់ទីតាំងយោធានោះ គឺជួល ក្នុងតម្លៃ ២០លានដុល្លារក្នុងមួយឆ្នាំ។

ការដែលបង្កើតទីតាំងយោធានៅក្រៅប្រទេសនោះ គឺជាសញ្ញាមួយបង្ហាញឲ្យឃើញថា ចិនចាប់ផ្តើមដើរតួនាទីសំខាន់នៅលើពិភពលោក ដោយត្រូវបង្កើតទីតាំងយោធាជាច្រើននៅក្រៅប្រទេស ។ នៅពេលខាងមុខ ចិននឹងមានទីតាំងយោធាជាច្រើនទៀត នៅក្រៅប្រទេស៕ ម៉ែវ សាធី


ចែករំលែក៖