ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើកឡានបញ្ច្រាសទិសបុកខឿនសួនច្បារក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនម្នាក់បើករថយន្តម៉ាកព្រូសក្នុងល្បឿនយ៉ាងលឿន រួមទាំងទិសដៅបញ្ច្រាសផ្លូវ រេចង្កូតទៅបុកខឿនឡើងសួនច្បារ ផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលវេលាម៉ោង១១ នឹង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្បែររង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ មានបុរសម្នាក់ជាជនជាតិចិនបើករថយន្តបង្កម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AV-7114 បានធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច និងទិសដៅបញ្ច្រាសផ្លូវក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវហើយផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃយ៉ាងច្រងាង រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តបង្កបានលូនចេញពីក្នុងរថយន្ត ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សខាសែនជ័យ


ចែករំលែក៖