ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! ប្រើហិង្សាចាក់ទឹកក្តៅបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យជនជាតិចិនម្នាក់ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាជនជាតិចិនដូចគ្នាបានប្រើហឹង្សាដោយចាក់ទឹកក្ដៅមកលើដៃរបស់ខ្លួនបណ្ដាលឲ្យរលាករលួយគ្រាន់តែទំនាស់គ្នាបន្តិចបន្តួចប៉ុណ្ណោះ ។

ការឃាត់ខ្លួនមកសាកសួរនេះបានធ្វើឡើងកាលពីវេលាម៉ោង៥រសៀលនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាង ហោធាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅខណ្ឌយុងចូវ ខេត្តហូណាម ប្រទេសចិន មុខរបរបុគ្គលិកក្រុមហ៊ុនភីងអាន ។

ចំណែកជនរងគ្រោះឈ្មោះ ហ្វួ ធីងនុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានទីលំនៅខេត្តស៊ីឈន ប្រទេសចិន ។

ប្រភពបន្តថា តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧យប់ នៅចំណុចក្នុងបន្ទប់បរិវេណកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្សសង្ស័យ៧នាក់ ដែលជាជនជាតិចិនដូចគ្នា បានមានជម្លោះពាក្យសំដីគ្នា ខណៈនោះស្រាប់តែបានប្រើអំពើហិង្សាមកលើខ្លួនដោយយកទឹកក្តៅមកស្រោចមកលើដៃធ្វើឲ្យរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង ។

ប្រភពបន្តថាក្រោយកើតហេតុខ្លួនក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់មកសាកសួរផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត ។ ចំណែក ជនសង្ស័យ០៦នាក់ទៀត សមត្ថកិ្ចច្ចកំពុងស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ។

រីឯអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យពន្លឺបូពារ៍ក្រុងបាវិតផងដែរ ៕ យឹម សុថាន


ចែករំលែក៖