ព័ត៌មានទាន់ហេតុការណ៍៖

ចិនបានបញ្ជាក់ពីការឃុំខ្លួនមេបញ្ជាការប៉ូលិសអន្តរជាតិ Interpol

ចែករំលែក៖

ចិនបញ្ជាក់ថា ខ្លួនកំពុងឃុំខ្លួន មេប៉ូលិស Interpol លោក ម៉េង ហុងវ៉េ (Meng Hongwei)។

ទីក្រុងប៉េកាំងបាននិយាយថា គាត់(Meng Hongwei) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន ចំពោះការរំលោភច្បាប់ ដែលមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ។

លោក ម៉េង ក៏ជាអនុរដ្ឋមន្ត្រី ផ្នែកសន្តិសុខសាធារណៈនៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន បន្ទាប់ពីធ្វើដំណើរពីទីក្រុងលីយ៉ុង(Lyon) ប្រទេសបារាំង ដែលជាទីតាំងមូលដ្ឋានរបស់ប៉ូលិស អាំងទែប៉ូល ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ។

អង្គភាពប៉ូលិស Interpol បានប្រកាសថា បានទទួលលិខិតលាលែងពីតំណែងរបស់លោក ម៉េង កាលពីថ្ងៃអាទិត្យ ហើយចាប់ផ្តើមមានប្រសិទ្ធភាពភ្លាមៗ ។

គណៈកម្មាធិការគ្រប់គ្រងជាតិរបស់ប្រទេសចិន ដែលចាត់ការរឿងពុករលួយពាក់ព័ន្ធ នឹងមន្ត្រីរាជការបាននិយាយថា លោក ម៉េង កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធលើសេចក្តីថ្លែងការណ៍មួយ បង្ហោះនៅលើគេហទំព័ររបស់ខ្លួន ។

លោក ម៉េង គឺជាអ្នកដែលការបាត់ខ្លួនចុងក្រោយបំផុត នៅក្នុងប្រទេសចិន ទីដែលមន្ត្រីជាន់ខ្ពស់មួយចំនួន, មហាសេដ្ឋី និងសូម្បីតែតារាល្បីឈ្មោះក្នុងតារាង A បានបាត់ខ្លួនផងដែរនៅក្នុងប៉ុន្មានខែថ្មីៗនេះ ។

កាលពីដើមសប្តាហ៍នេះ តារាសម្តែងស្រី ល្បីឈ្មោះ Fan Bingbing ដែលបាត់ខ្លួននៅក្នុងប្រទេសចិនកាលពីខែកក្កដា នោះ បានបង្ហាញវត្តមានជាមួយការសុំទោសជាសាធារណៈ ហើយទទួលការពិន័យជាប្រាក់ចំនួន 883 លានយន់ (129 លានដុល្លារ) ពីបទគេចវេះប្រាក់ពន្ធ និងបទល្មើសផ្សេងដទៃទៀត ។

តើស្ថាប័នប៉ូលិសInterpol និយាយថាដូចម្តេច?

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ស្ថាប័នប៉ូលិស Interpol និយាយថា ខ្លួនបានទទួលលិខិតលាលែងពីតំណែងរបស់លោក ម៉េង ហើយលិខិតនេះ​ចាប់ផ្តើមមានប្រសិទ្ធភាពភ្លាមៗ ។

ស្ថិតនៅក្រោមកាលៈទេសៈ​បែបនេះ ស្ថាប័នប៉ូលិស Interpol បានសម្រេចតែងតាំង អនុប្រធានជាន់ខ្ពស់ គីម ជុងយ៉ាង (Kim Jong-yang) ជនជាតិកូរ៉េខាងត្បូង ឲ្យធ្វើជាប្រធានាធិបតីស្តីទី ។

ប្រធានថ្មីនឹងត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិពីរឆ្នាំទៀតរបស់លោក Meng នៅឯកិច្ចប្រជុំកំពូល ធ្វើឡើងនៅឯទីក្រុង ឌូបៃ ខែក្រោយនេះ ។

កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារប៉ូលិសអន្តរជាតិ បានជំរុញឱ្យប្រទេសចិនបញ្ជាក់ពីស្ថានភាពរបស់លោក ម៉េង ដោយនិយាយថា ខ្លួនមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់លោក ម៉េង ។

ប្រទេសបារាំងបានបើកការស៊ើបអង្កេតមួយ ប៉ុន្តែបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនគ្មានព័ត៌មានបន្ថែមនោះទេ។

ភរិយារបស់លោក ម៉េង បាននិយាយអ្វីខ្លះអំពីការបាត់ខ្លួនរបស់គាត់?

អ្នកស្រី Grace Meng បានថ្លែងមិនយូរប៉ុន្មាន មុនពេលរដ្ឋាភិបាលចិន​ប្រកាស អំពីការឃុំឃាំងនោះថា បានប្រាប់អ្នកកាសែតថា នាងគិតថា ប្តីរបស់អ្នកស្រីស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ។

អ្នកស្រីបានបានស្នើឲ្យមានការជួយជាអន្តរជាតិ ដើម្បីស្វែងរកស្វាមីរបស់អ្នកស្រី ៕


ចែករំលែក៖