ព័ត៌មានទាន់ហេតុការណ៍៖

ចិនបារម្ភច្រើនជាងសប្បាយបើជំនួបកំពូលសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើងទទួលបានជោគជ័យ

ចែករំលែក៖

អ្នកឯកទេសវិភាគបានវាយតម្លៃថា ប្រសិនបើជំនួបកំពូលអាមេរិក-កូរ៉េខាង ជើង នៅសិង្ហបុរីនាថ្ងៃទី១២ខែមិថុនា ខាងមុខទទួលបានជោគជ័យនោះ ចិន បារម្ភច្រើនជាងសប្បាយ ដោយសារតែ ទីក្រុងប៉េកាំង ត្រូវប្រឈមមុខ នឹងបញ្ហា ជាច្រើនទៀត មិនអាចស្មានដឹងជាមុន។

ប្រសិនបើប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំគីម ជុងអ៊ុន អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព និងឈានដល់ការលុបបំបាត់បរមាណូ ក្រោយជំនួបនៅសិង្ហបុរីនោះ ផលប្រយោជន៍ដែលកូរ៉េខាងជើងទទួលបានគឺមាន ទំហំធំធេងណាស់ ។ ប៉ុន្តែ តាមសារព័ត៌ មាន CNN បានផ្សាយថា ចំពោះចិនវិញ ជំនួប អាមេរិក-កូរ៉េខាងជើង បានធ្វើឲ្យ ចិនកាន់តែបារម្ភ។

បើទទួលបានកិច្ចព្រមព្រៀង អាមេរិក នឹងលុបចោលទណ្ឌកម្មទាំងអស់លើកូរ៉េខាងជើង ក៏ដូចជាជួយដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ឈានចូលទំព័រសករាជថ្មី នៃស្ថិរភាព សេដ្ឋកិច្ចនយោបាយ ។ សារ ព័ត៌មាន CNN បានដកស្រង់សម្តី លោក Corey Wallace អ្នកឯកទេសវិភាគសន្តិ សុខនៅតំបន់អាស៊ី មកពីមហាវិទ្យាល័យ Freie នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថា«ស្ថានភាពបច្ចុប្បន្ន ស្ថិរ ភាពនៅឧបទ្វីបកូរ៉េ នឹងជួយដល់អាមេរិក កាន់តែមាន ប្រៀបនៅក្នុងការប្រជែង យុទ្ធសាស្ត្រជាមួយចិន នៅក្នុងតំបន់ទាំងយោធានិងសេដ្ឋកិច្ច។

ការព្រួយបារម្ភរបស់ចិនគឺ ទាហាន អាមេរិក ចូលកាន់តែកៀកទឹកដីចិន និង មួយវិញទៀតសម្ពន្ធមិត្តយូរឆ្នាំរបស់ខ្លួន កូរ៉េខាងជើង អាចនឹងងាក់ទៅរកអាមេរិក ដូចកូរ៉េខាងត្បូង កាន់តែបង្កផលលំបាក់ ដល់ប្រទេសចិន។

ពាក់ព័ន្ធនឹងជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៅម៉ោង៩ព្រឹកថ្ងៃ អង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយ នេះ បើតាមការបញ្ជាក់ពីសេតវិមានអាមេរិក មុននឹងមានជំនួបនេះ លោក ត្រាំ ធ្លាប់ បានអះអាងថា លោកនឹងផ្ដល់រង្វាន់ដ៏ អស្ចារ្យដល់កូរ៉េខាងជើង ក្នុងនោះរួមមានទាំងការជួយឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងស្គាល់ភាពរុងរឿងដូចជាកូរ៉េខាងត្បូងផងដែរ បើសិនជាទីក្រុងព្យុងយ៉ាង យល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែតើកូរ៉េខាងជើងចង់បានអ្វីពិតប្រាកដ ពីសហរដ្ឋអាមេរិកនៅក្នុងជំនួប ត្រាំ-គីម នោះ?

ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា អ្វីដែលកូរ៉េខាងជើង ចង់បាននោះគឺការធានាសន្តិសុខពីសហរដ្ឋអាមេរិក។

កាលពីខែឧសភា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍ចំពោះការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដោយគ្មានការ ផ្លាស់ប្ដូរគោលជំហរយោធារបស់សហរដ្ឋអាមេរិកនោះទេ។ លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់រូបនេះបានចោទប្រកាន់ សេតវិមាន និងក្រសួងការបរទេសអាមេរិក ថា កំពុងព្យាយាមធ្វើឱ្យកូរ៉េខាងជើងវិលទៅរកស្ថានភាពដូចជាប្រទេសលីប៊ី តាម រយៈការរំសាយចោលអាវុធនុយក្លេអ៊ែរជាមុន បន្ទាប់មកទើបទទួលការតបស្នងតាមក្រោយ។

អតីតមេដឹកនាំលីប៊ី លោក មូអាមម៉ា ហ្គាដាហ្វុី បានសម្រេចចិត្តរំសាយការអភិ វឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការ ដកទណ្ឌកម្មសេដ្ឋកិច្ច និងមានទំនាក់ទំនងប្រក្រតីឡើងវិញជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែចុងក្រោយ របបដឹកនាំ Gadhafi បែរជារលំរលាយដោយសារតែក្រុមឧទ្ទាមបះបោរ ដែលគំាទ្រដោយទីក្រុងវ៉ាស៊ីនតោនទៅវិញ។ ដូច្នេះទើបអ្នកជំនាញខ្លះយល់ថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរដោយងាយៗនោះទេ បើសិនជាខ្លួនមិនមានអារម្មណ៍ថា ត្រូវបានធានាសន្ដិសុខ និងសុវត្ថិភាព នោះ។

ការព្រមព្រៀង និងសេចក្ដីថ្លែងការណ៍ របស់កូរ៉េខាងជើង នាមួយរយៈពេលចុងក្រោយនេះបានបង្ហាញថា លោក គីម ជុង អ៊ុន ចង់បានទំនាក់ទំនងជាប្រក្រតីដូច ប្រទេសជាច្រើន ជាមួយសហរដ្ឋអាមេរិក។ «ការបញ្ចប់គោលនយោបាយអរិភាពរបស់វ៉ាស៊ីនតោន នៅតែជាវត្ថុបំណង របស់ លោក គីម ដូចជាជីតារបស់លោក (លោក គីម អុីលស៊ុង) និងឪពុករបស់លោក (លោក គីម ជុងអុីល) កាលពីជាង ៣០ឆ្នាំមុនមក ម្ល៉េះ»។ នេះបើតាម លោក ឡេអន ស៊ីហ្គាល់ (Leon Sigal) អ្នកនិពន្ធសៀវភៅឈ្មោះ Disarming Strangers ដោយលោកបញ្ជាក់ ទៀតថា លោក គីម អាចនឹងរំសាយ ឬ បោះជំហានទៅរកការលុបបំបាត់អាវុធ នុយក្លេអ៊ែរ បើលោក ត្រាំ ប្ដេជ្ញាចិត្តបញ្ចប់ទំនាក់ទំនងអរិភាពជាមួយកូរ៉េខាងជើង។

តែទោះជាយ៉ាងនេះក្ដី បញ្ហាដែលនៅ​តែមាននោះគឺ សម្រាប់មេដឹកនាំអាមេរិក របបដឹកនាំផ្ដាច់ការកូរ៉េខាងជើង មានភាព សាហាវឃោរឃៅ នៅក្នុងកែវភ្នែកប្រជា ជនអាមេរិក និងនៅតែប្រកាន់អាកប្បកិរិយាឈ្លានពាន ចំពោះអ្នកជិតខាងដូចជាជប៉ុន ជាដើម។

ក្រៅពីការធានាដល់សន្តិសុខនិងសន្តិភាពនោះ ចំណុចសំខាន់ដែលកូរ៉េខាងជើង ចង់បានបំផុតនោះគឺការអភិវឌ្ឍសេដ្ឋកិច្ច ជួយពលរដ្ឋកូរ៉េខាងជើងរួចផុតពីភាពក្រីក្រ។នៅអំឡុងថ្លែងសារចូលឆ្នាំថ្មី លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសក្រីក្ររបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួន។ មួយវិញ ទៀត កិច្ចចរចាជាច្រើនកន្លងមក ក៏ផ្ដោតសំខាន់លើផលចំណេញសេដ្ឋកិច្ចផងដែរ ខណៈលោក ដូណាល់ ត្រាំ ធា្លប់បានលើក ឡើងថា លោកមិនចង់និយាយពីការដាក់សម្ពាធអតិបរមាលើកូរ៉េខាងជើងទៀតទេ ហើយថាកូរ៉េខាងត្បូង ជប៉ុន និងចិនអាច នឹងផ្ដល់ជំនួយសេដ្ឋកិច្ច ដល់ទីក្រុងព្យុង យ៉ាង បើសិនជាកិច្ចចរចានៅសិង្ហបុរី ដំណើរការទៅដោយរលូននោះ៕ ម៉ែវ សាធី


ចែករំលែក៖