ព័ត៌មានទាន់ហេតុការណ៍៖

ចិនមិនមានទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើងទៀតឡើយ

ចែករំលែក៖

កម្លាំងទាហានបដិវត្តន៍ប្រជាជនចិន បានប្រកាសថា ពេលនេះមិនមានទំនាក់ ទំនងណាមួយជាមួយកម្លាំងទាហានកូរ៉េខាងជើងនៅឡើយ ក្នុងពេលដែលស្ថាន ភាពនៅឧបទ្វីបកូរ៉េកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការសាកល្បងកាំជ្រួចមីស៊ីល។

គិតតាំងពីដើមឆ្នាំ២០១៧ មកដល់ ពេលនេះ កូរ៉េខាងជើងបានបាញ់សាក ល្បងកាំជ្រួចមីស៊ីល១០ដើម រាល់ការ បាញ់សាកល្បងនោះ គឺបានបំពានទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។សកម្មភាពឌឺដង របស់កូរ៉េខាងជើងធ្វើឲ្យប្រទេសជិតខាង ដូចជាជប៉ុន កូរ៉េខាងត្បូង និងអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយប្រទេស របស់ខ្លួនស្ថិតនៅក្នុងការគំរាមកំហែងពី កូរ៉េខាងជើង។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន channel news Asia លោក Zhou Bo ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខអន្តរជាតិរបស់ក្រសួង ការពារជាតិចិនបានឲ្យដឹថា «បច្ចុប្បន្ន យើង មិនមានទំនាក់ទំនងណាមួយក្នុងវិស័យយោធាជាមួយកូរ៉េខាងជើងនោះឡើយ។ កាលពីអតីតកាលយើងមានទំនាក់ទំនង ប៉ុន្តែពេលនេះគ្មានឡើយ។ មិនតែប៉ុណ្ណោះ ចិនបានសហការជាមួយអង្គការសហប្រជាជាតិដាក់គំនាបទៅលើកូរ៉េខាងជើងផងដែរ»។

តាមការបញ្ជាក់របស់លោក Zhou កូរ៉េខាងជើងមានបំណងចង់ពិភាក្សាជាមួយអាមេរិកដោយផ្ទាល់ ហើយចិនក៏កំពុង ជំរុញឲ្យមានកិច្ចពិភាក្សាផ្ទាល់នោះដែរ។

ចិនគឺជាប្រទេសតែមួយគត់ដែលគេជឿជាក់ថា ជាប្រទេសដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើកូរ៉េខាងជើង។ កន្លងមកចិនតែងតែចេញមុខការពារដល់កូរ៉េខាងជើងនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសលោកខាងលិច ក៏ដូចជាកូរ៉េខាង ត្បូង និងជប៉ុន។

កន្លងមកនៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើង មានមន្ត្រីជាន់ខ្ពស់ដែលជិតស្និទ្ធជា មួយរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែចាប់ តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់តំណែង ដឹកនាំប្រទេសជំនួសឪពុក មកទល់ពេលនេះក៏បានសម្រេចដកតំណែងមន្ត្រីចាស់ៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនចេញ។

តាំងពីដើមមកកូរ៉េខាងជើងដើរតួនាទីជារនាំងការពារសុវត្ថិភាពដល់ប្រទេសចិន។ ការដែលកូរ៉េខាងជើងមានអសន្តិ សុខ ឬប្រឈមនឹងសង្គ្រាមនោះ នឹងបង្ក ផលអាក្រក់ដល់ប្រទេសចិន ក្នុងនោះមានជនភៀសខ្លួនកូរ៉េខាងជើងសម្រុកចូលទៅកាន់ប្រទេសចិន។ អ្វីដែលបារម្ភជាងនេះនោះគឺក្រោយពេលកូរ៉េខាងជើងដួលរលំអាមេរិក នឹងមានទីតាំងទៅឈរជើងជាប់ព្រំដែនប្រទេសចិន។ ទាំងនោះដែលជាហេតុផលចិនមិនចង់ឲ្យកូរ៉េខាងជើង ប្រឈមនឹងវិបត្តិត្រូវអាមេរិកវាយប្រហារ។

ប៉ុន្តែរយៈពេលចុងក្រោយនេះ ចិនដូចជាអស់ការអត់ធ្មត់ទៅលើសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយសារ តែសហគមន៍អន្តរជាតិថ្កោលទោសខ្លាំងពេក ចិនចាំបាច់ត្រូវតែដើរតាមបើទោះបី មិនចង់ក្តី។

តាមអ្វីដែលលោក Zhou ប្រកាស ចិនបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះកូរ៉េខាងជើងដែលមិនស្តាប់ចិនបន្តសកម្មភាពធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោស យ៉ាងខ្លាំង។

ក្នុងពេលជាមួយគ្នានេះ ចិនចាំបាច់ត្រូវតែបង្កើនទំនាក់ទំនងជាមួយអាមេរិកដើម្បីសេដ្ឋកិច្ច និងឥទ្ធិពលនៅលើឆាកអន្តរ ជាតិ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការស្ដីពីទំនាក់ទំនង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបញ្ហាក្ដៅផ្សេងទៀត អំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G-20 នៅក្នុងប្រទេសអាល្លឺម៉ង់ សមភាគី អាមេរិកបានអះអាងថា ទំនាក់ទំនងជាមួយ ភាគីចិនពិតជាមានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៧។

ក្រោយកិច្ចប្រជុំកំពូល ក្រុមប្រទេស សេដ្ឋកិច្ច G-20 ថ្នាក់ដឹកនាំប្រទេសមហា អំណាចចិន និងអាមេរិក ហាក់មានទំនាក់ទំនងល្អប្រសើរជាងមុន ដោយភាគីទាំង២បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗ មួយចំនួន ជាពិសេសនៅឆ្នាំក្រោយនេះ ប្រទេសចិននឹងបញ្ជូនកងកម្លាំងយោធា ជើងអាកាសរបស់ខ្លួនទៅចូលរួមធ្វើសមយុទ្ធប៉ាស៊ីហ្វិករួមគ្នាឆ្នាំ២០១៨ ផងដែរ ដែលនេះជាលើកដំបូងហើយសម្រាប់ មហាអំណាចទាំង២ដើម្បីធ្វើការហាត់សមជាមួយគ្នា៕ ម៉ែវ សាធី


ចែករំលែក៖