ព័ត៌មានទាន់ហេតុការណ៍៖

ចិន អាមេរិក បង្កឲ្យមានភាពតានតឹងខ្លាំងឡើងនៅក្នុងវិស័យពាណិជ្ជកម្ម

ចែករំលែក៖

ចិនបានសម្រេចថានឹងមានវិធានការតបតវិញ ដល់អាមេរិកដែលបានសម្រេចតម្លើនពន្ធនាំចូលមានតម្លៃ៥០ពាន់លានដុល្លារ។ រដ្ឋាភិបាលចិនបានប្រកាសថានឹងធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍របស់ខ្លួន បើទោះបីរងការគំរាមកំហែងពីអាមេរិកក្តី។ នេះជាសញ្ញាជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មជាទ្រង់ទ្រាយធំរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។

នៅក្នុងសេចក្តីប្រកាសថ្មីបំផុត លោក ត្រាំ បានសម្រេច តម្លើងពន្ធ២៥ភាគរយ ដល់ផលិតផល សំខាន់របស់ចិននាំចូលទៅកាន់អាមេរិក។ ក្រោយការអនុម័តដាក់ទណ្ឌកម្ម លោក ត្រាំ បានព្រមានថា ប្រសិនបើចិនតបតវិញនោះអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមធ្ងន់ជាងនេះ។

លោក ត្រាំ បានប្រកាសថា «អាមេរិកនឹងអនុម័តដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើចិនមានសកម្មភាពវាយបកមកលើអាមេរិក ដោយតម្លើងពន្ធលើផលិតផលកសិកម្ម ឬក៏មានសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនអាមេរិក កំពុងដំណើរការនៅក្នុងប្រទេសចិន»។

ចំណែកចិនវិញមិនដែលចុះញ៉មអាមេរិកម្តងណាឡើយ អាមេរិកតម្លើងពន្ធលើផលិតផលរបស់ចិនបាន ចិនក៏អាចធ្វើតបវិញបានដូចគ្នា។ នៅពេលនេះ ចិនបានបង្ហាញពីគោលបំណង ច្បាស់លាស់នៅក្នុងការតបតអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា «ប្រសិនបើអាមេរិកអនុវត្តតម្លើងពន្ធធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននោះ យើងនឹងមានវិធានការតបតវិញឲ្យមានសមស្របបំផុត នឹងស្របច្បាប់»។

បញ្ជីតំបូងដែលលោក ត្រាំ អនុវត្តន៍តម្លើងនពន្ធនោះរួមមានផលិតផល៨១៨ប្រភេទ នាំចូលពីចិនមានតម្លៃ៣៤ពាន់លានដុល្លារ។ ចំណែកផលិតផលផ្សេងទៀតមិនទាន់អនុម័តនៅឡើយ។

ការប្រឈមមុខតានតឹងនៅក្នុងវិស័យ ពាណិជ្ជកម្មអាមេរិកចិន នៅតែបន្តអូសបន្លាយជាយ៉ាងយូរទៅមុខទៀត។ មិនតែប៉ុន្តែប៉ុណ្ណោះអាចបង្កឲ្យមានវិវាទ ក្នុងវិស័យពាណិជ្ជកម្មជាទ្រង់ទ្រាយធំ នៅលើពិភពលោក។

គេនៅមិនទាន់ដឹងថា តើការដំឡើងពន្ធបន្ថែមលើផលិតផលចិននាំចូលអាមេរិកនឹងចាប់ផ្តើមនៅពេលណាទេ។ តែក្រុមអ្នកបញ្ចុះបញ្ចូលចង់ឲ្យយកក្រិត្យស្តីពីការដំឡើងពន្ធនោះទៅចុះក្នុងបញ្ជីរដ្ឋកិច្ចនៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឬយ៉ាងយូរបំផុតនៅក្នុងសប្តាហ៍ក្រោយ។ តាមច្បាប់ពន្ធដារអាមេរិកក្នុងឆ្នាំ១៩៧៤ លោកប្រធានាធិបតីអាចពន្យាពេល៣០ថ្ងៃ ក្នុងការប្រកាសឲ្យអនុវត្តក្រិត្យដំឡើងពន្ធនោះ ឬពន្យាពេលរហូតដល់ ១៨០ថ្ងៃប្រសិនបើក្រសួងពាណិជ្ជកម្មផ្តល់ហេតុផលថា កិច្ចចរចាជាមួយចិនកំពុងចម្រើនទៅមុខ។

បន្ទាប់ពីត្រឡប់ពីការចូលរួមជំនួបកំពូល G៧ ក្នុងប្រទេសកាណាដា និងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មក លោកត្រាំហាក់មិនបានបោះបង់ចោលពីចេតនារបស់ខ្លួនទេ។ នៅក្នុងបទសម្ភាសន៍ឲ្យទូរទស្សន៍ Fox News ផ្សាយក្នុងថ្ងៃពុធ ទី១៣ ខែមិថុនា លោក ត្រាំ បានសន្យាបង្រ្កាបចិនឲ្យចាស់ដៃ។ មកទល់ពេលនេះ កិច្ចចរចាវាងអាមេរិក និងចិនក្នុងរឿងពាណិជ្ជកម្មហាក់មិនទាន់អាចចុះសម្រុងគ្នានៅឡើយទេ។ នាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកនៅចិនកាលពីដើមខែមិថុនា ចិនបានយល់ព្រមទិញផលិតផលអាមេរិកបន្ថែមក្នុងទឹកប្រាក់សរុប ៧០.០០០លានដុល្លារ តែសេតវិមានបានច្រានចោលសំណើនេះរបស់ចិន៕ ម៉ែវ សាធី


ចែករំលែក៖