ព័ត៌មានទាន់ហេតុការណ៍៖

លួចបារី៦កញ្ចប់ម្ចាស់គេទាន់ចាប់ប្រគល់ប៉ូលិស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចូលបន្លំលួចយកបារីចំនួន៦កញ្ចប់ ដាក់ក្នុងហោប៉ាវទុកសម្រាប់ជក់ តែម្ចាស់គេទាន់ ស្រែកថា ចោរៗប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចផ្ទះលេខ224 ផ្លូវលេខ២០០៥ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លា ម៉េង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិសូទិព្វ ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ចំណែកដើមបណ្តឹងមានឈ្មោះ ជា គឹមយេន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះកើតហេតុខាងលើ។

នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG5934 មកឈប់ធ្វើជាទិញបារីជក់ ពេលដែលប្រពន្ធអ្នកលក់កំពុងតែឱនយកថង់ ដើម្បីដាក់បារីឲ្យជនសង្ស័យ ស្រាប់តែបាត់បារីនៅក្នុងទូពេលនោះប្រពន្ធគាត់ក៏ស្រែកថាចោរៗហើយជនសង្ស័យព្យាយាមរត់តែប្រជាពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ជនរងគ្រោះបន្តថាកន្លងមកពីបីថ្ងៃមុនគាត់បានបាត់បារីជាច្រើនកញ្ចប់ និងលុយអស់២០ម៉ឺនរៀលផងដែរ។

ប៉ូលិសនិយាយថា៖ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលបន្លំយកបារីពីក្នុងទូពិតប្រាកដមែន ប៉ុន្តែមិនបានយក៦កញ្ចប់ទេ គឺយកបានតែ២កញ្ចប់ប៉ុណ្ណោះ។

បន្ទាប់ពីធ្វើសាកសួររួចនិងយោងតាមចម្លើយសារភាពសមត្ថកិច្ចបានបញ្ជួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាក់ការបន្តតាមនីតិវិធី៕ តុង សីហា

ជនសង្ស័យលួចបារី

ដើមបណ្តឹង


ចែករំលែក៖