ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្ទះអ្នកលក់ឥវ៉ាន់ ស្របពេលដែលគេបាត់លុយនិងកងដៃផង ចោទប្រកាន់ថាលួចឃាត់ខ្លួនយកប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេឃើញចូលទៅក្នុងផ្ទះអ្នកលក់ដូរម្នាក់ គាប់ជូនម្ចាស់ផ្ទះនោះបាត់លុយ និងបាត់កងដៃកូនផង សង្ស័យក៏ប្តឹងចោទប្រកាន់ តាមស្វែងរកឃាត់ខ្លួន និងនាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ប៉ុស្តិ៍ចោមចៅ៣ ជួយរកយុត្តិធម៌ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ឆ្នាំ២០១៧ ស្ថិតនៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

យុវជនទទួលរងការចោទប្រកាន់ខាងលើមាន ឈ្មោះ កែវ ដែន អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ២ មានស្រុកកំណើតភូមិព្រៃព្រីងត្បួង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ចំណែកដើមបណ្តឹង ឈ្មោះ រីម ផល ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរហាប់ហ៊ួយនៅផ្ទះ ក្នុងភូមិកើតហេតុខាងលើ ។

តាមសម្តីស្រ្តីដើមបណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានកាន់ចង្ក្រានហ្គាស យកទៅ សាកសួរគាត់រកលក់នៅមុខផ្ទះ តែគាត់មិនទិញ ជនសង្ស័យ បានយកទៅលក់ឲ្យគេផ្សេងបាត់ទៅ ហើយគាត់ក៏ចូលសម្រាកលង់លក់បាត់ដែរ ស្រាប់តែភ្ញាក់ពីដេកនៅវេលាម៉ោង៣រសៀលដដែល បាត់លុយ២០មុឺនរៀល និងឮបាត់កងដៃកូនស្រី១ តម្លៃ២០០ដុល្លារ ទើបឆោឡោ មិនដឹងមុខអ្នកលួច តែដាក់ការសង្ស័យ ទៅលើយុវជន ដែលយកចង្ក្រានហ្គាសមកសួរ ស្របពេលដែល ក្នុងផ្ទះបាត់បង់លុយ និងកងដៃ មានបុរសម្នាក់ ឈ្មោះ ផល សត្យា អាយុ២៣ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានផ្ទះជាប់គ្នាជាមួយផ្ទះស្រ្តីដើមបណ្តឹង បាន អះអាងថា កាលពីអំឡុងម៉ោង៣ឃើញ យុវជនសង្ស័យឈ្មោះ កែវ ដែន ចូលក្នុងផ្ទះ ខណៈដែលស្រ្តីរងគ្រោះកំពុងដេកលក់ ទើបនាំគ្នាតាមស្វែងរក ចាប់យុវជនខាងលើមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ក្នុងបណ្តឹងចោទប្រកាន់ សង្ស័យលួចលុយនិងកងដៃ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។

តាមសម្តីបុរសឈ្មោះ ផល សត្យា បានឲ្យដឹងថា នៅអំឡុងម៉ោង៣រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៧គាត់បានឃើញ យុវជនខាងលើដើរចូលក្នុងផ្ទះស្រ្តីរងគ្រោះ តែចំពោះ ទ្រព្យសម្បត្តិ លុយកាក់ យុវជនខាងលើលួចមិនលួចនោះមិនបានដឹងឡើយ ។

ទោះជាចោទសួរ យ៉ាងណាក្តីយុវជនខាងលើ បដិសេដចោលទាំងអស់ ថាខ្លួនមិនបានលួចលុយ កងដៃ ដូចដែលចោទប្រកាន់នោះទេ តែបើកាន់ចង្ក្រានហ្គានទៅសួរ រកលក់នោះ មានមែន ។

រឿងរ៉ាវខាងលើ ដោយ ភាគីខាងស្រ្តីម្ចាស់ទ្រព្យ កើតទុក្ខមិនសុខចិត្ត រឿងបាត់របស់ទ្រព្យ រួមផ្សំជាមួយ សាក្សីឃើញ យុវជនខាងលើចូលក្នុងផ្ទះផងនោះ បានប្តឹងចោទប្រកាន់ ដាក់ការសង្ស័យ យុវជនរូបនេះជាអ្នកលួច ទើបឃាត់នាំខ្លួនទៅឲ្យប៉ូលិសដើម្បី ជួយរកយុត្តិធម៌ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ផ្អែកទៅលើ ដើមបណ្តឹង និងសាក្សីឃើញហេតុការណ៍ ជនសង្ស័យត្រូវបានឃាត់ខ្លួនហើយត្រួតពិនិត្យមើលក្នុងកាបូបស្ពាយ មានតែសក់សិប្បនិម្មិតមួយសម្រាប់ គ្មានអ្វីគួរឲ្យកត់សម្គាល់ ហើយកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌសាកសួរបន្តទៅតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖