ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្សារទិញត្រីចាញ់បោកក្រុមទម្លាក់យោង អស់ទ្រព្យសម្បត្តិពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានចូលផ្សារដើម្បីទិញម្ហូប ស្រាប់តែប៉ះចំក្រុមទំលាក់យោងប្រើល្បីដោះដូរយកទ្រព្យសម្បត្តិអស់ពីខ្លួនរត់យំស្រស្រាក់ កាន់គ្រាប់កង់មួយកូនថង់ទៅប្តឹងចៅសង្កាត់ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ គ្រាដែលគាត់ចូលផ្សារជម្ពូវ័ន រកទិញត្រីសាច់ សម្រាប់ស្ល លក់នំបញ្ចុក ។

ស្រ្តីខាងលើមានឈ្មោះ ចាប ឈី អាយុ៤៦ឆ្នាំ មុខរបរ លក់នំបញ្ចុក មានប្តីជាកម្មករសំណង់ ស្នាក់នៅរោងកម្មករ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃជុំ ឃុំ បានៀវ ស្រុកឈូក ខេត្តកំពត ។ សម្ភារៈបាត់បង់ ស្រ្តីរងគ្រោះអះអាងថា ខ្សែដៃមាសទម្ងន់៥ជី ចិញ្ជៀនមាស២ជី ខ្សែកប្លាទីនតម្លៃ៥០០ដុល្លា លុយដុល្លាចំនួន៣៥០ដុល្លារ និងលុយខ្មែរចំនួន២០មុឺនរៀល ។

តាមការយំរៀបរាប់ របស់ស្រ្តីខាងលើនៅចំពោះមុខចៅសង្កាត់បានឲ្យដឹងថា គ្រឿងអល័ង្កា លុយកាក់ទាំងនេះ បានជាគាត់យកដាក់តាមខ្លួន ដោយសារគាត់ស្នាក់អាស្រ័យ នៅជាមួយប្តី ក្នុងរោងកម្មករសំណង់ ហើយរាល់ថ្ងៃរសៀល គាត់ឆ្លៀត រែកនំបញ្ចុកលក់ ក្នុងបុរី តាមភូមិ ផ្សំបានលុយ ទាំងប្រាក់ខែប្តី ផង សន្សំទុក ដាក់ជាប់តាមខ្លួន ។

ស្រ្តីរងគ្រោះបន្តទៀតថា មុនកើតហេតុ ខណៈដែលគាត់មកផ្សារជម្ពូវ័ន ដើររកទិញត្រីសាច់ សម្រាប់ស្ល លក់នំបញ្ចុក ត្រូវបានស្រ្តីសង្ស័យវ័យក្មេងម្នាក់រាងស្គម ដើរមកសួរ រឿងគេជ្រុះបាត់កាបូបលុយ មាស មិនទាន់បានទាំងតបតវិញផង ត្រូវបានស្រ្តីម្នាក់ទៀត ធាត់ មាឌធំ មកប្រាប់ថាកុំមាត់ គាត់រើសបាន ដើរឲ្យឆ្ងាយពីគេតិចទៅ គាត់លាឲ្យមើល ក៏ឃើញលោហៈក្រហមច្រាល និងលុយដុល្លាមួយដុំ ហើយជននោះក៏ទុកវិញ ដឹកដៃគាត់ដើរចេញពីផ្សារ ប្រាប់ថាយើងយកទៅចែកគ្នា ហើយឡើងថ្មើរជើងទៅលើស្ពានអាកាស លាតចំហរមាត់ថង់ឲ្យមើលម្តងទៀត ឃើញសុទ្ធតែគ្រឿង លោហៈ ក្រហមច្រាលភ្នែក ឃើញឱកាសស្ងាត់ ជនសង្ស័យហុចថង់ក្រហម ឲ្យកាន់លាក់ទុក នេះជាចំណែក លុយដុល្លាវិញ រងចាំដូរចែកគ្នាទៀត ហើយចាប់ដោះយកខ្សែក ខ្សែដៃ ខ្វេះយកទាំងលុយក្នុងហោប៉ាវ ខោ ប្រាប់ឲ្យរងចាំលើស្ពាន ពួកគេទៅដូរលុយក្នុងផ្សារ ចាំបាត់ៗ ដើរចុះមកក្រោមតាម មិនឃើញ នឹកខំអរ មាសមួយកញ្ចប់មិនក្រោម១០តម្លឹងទេ លួចបង្ហើបមើល ពុទ្ធោ ! សុទ្ធតែគ្រាប់កង់ ស្រែកទ្រហោយំ ហើយត្រូវបានអ្នកម៉ូតូឌុប ជួយឌុបជូនមកសាលាសង្កាត់ចោមចៅ៣ ជួបជាមួយលោកចៅសង្កាត់ បានប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅខាងប៉ូលិសវិញ ៕ សុខាសែនជ័យ


ចែករំលែក៖