ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីញាំអីជាមួយមិត្តភក្តិត្រូវរថយន្តដេញបុកស្លាប់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈទើបតែចេញពីញាំអីជាមួយមិត្តភក្តិ ហើយត្រូវរថយន្តបើកដេញបុកអូសជិត២០០ម៉ែត្រ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ នៅចំណុចជាប់របងសួនចំការព្រីង​ ស្ថិតតាមបណ្តោយផ្លូវ២០១១​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ ។

តាមនារីម្នាក់បានអះអាងថា គាត់ជាមិត្តភក្តិជនរងគ្រោះដោយស្គាល់ តែឈ្មោះស្រីមុំ​ អាយុ២៨ឆ្នាំ​ មុខរបបុគ្គលិកកន្លែងវាយកូនហ្គោល​ ផ្លូវហានណូយ​ មានស្រុកកំណើតនៅភូមិរកាកោង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល ។

សាក្សីបានបន្តថា​ មុនពេលកើតហេតុរូបនាង និងគាត់ថែមទាំងមិត្តប្រុស២នាក់ទៀតសរុប៤នាក់​ បាននាំគ្នាទៅញាំអីនៅត្រើយម្ខាងជ្រោយចង្វា​ ខណៈញាំរួចក៏បាននាំគ្នាមកផ្ទះវិញដោយនារីជាជនរងគ្រោះជិះម៉ូតូម៉ាកzoomerxម្នាក់ឯង​ ចំណែកគាត់ជិះរថយន្តជាមួយសង្សារ​ ។ ពេលនោះ គាត់បានឲ្យជនរងគ្រោះជិះរថយន្តជាមួយគ្នាដែរ តែនាងមិនព្រម​ ដោយបំណងទៅគេងផ្ទះរបស់គាត់នៅជិត និងចំការព្រីងដែរ ។ ពេលនោះក៏ជិះបែកគ្នា​ ដោយនារីគ្នាជិះម្នាក់ឯងក្រោយមកទើបមានគេតេមកប្រាប់ថានារីរងគ្រោះត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ ។

បើតាមការបង្ហើបពីប្រភពព័ត៌មានផ្សេងទៀតបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ២០១១ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកឡិចស៊ិសមួយគ្រឿងបើកតាមក្រោយដេញបុកអូនជិត២០០ម៉ែត្របណ្តាលឲ្យនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មតែម្តងហើយរថយន្តគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖