ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស៊ីរ៉ឺយ៉ែររថយន្តបុកម៉ូតូ និងបុកបង្គោលភ្លើង ហើយត្រូវរថយន្តដឹកដីធុនធំមកពីមុខបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង បានបើករ៉ឺយ៉ែរថយក្រោយយ៉ាងលឿន ជ្រុលទៅបុករះម៉ូតូឌ្រីម និងទ្រូងផ្លូវ រួមទាំងបង្គោលភ្លើង ស្របពេលនោះ ក៏មានរថយន្តដឹកដីធុនធំរបស់កងពលតូច៧០មួយគ្រឿង បើកមកបុកពីមុខចំហៀងរថយន្តកាមរីឆ្លាមបណ្ដាលឲ្យរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៧ ដែលនៅតាមបណ្ដោយផ្លូវវេងស្រេង មុខនឹងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G.3414 មានគ្នា៣ទៅ៤នាក់ បានដើរចេញពីហាងផឹកសុីនៅក្បែរកន្លែងកើតហេតុ មកបើករថយន្តរ៉ឺយ៉ែរថយក្រោយយ៉ាងលឿនមកប៉ះនឹងម៉ូតូហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR.3215 ដែលកំពុងជិះតាមដងផ្លូវ និងបុកទ្រូងផ្លូវរួមទាំងបង្គោលភ្លើងរងការខូចខាត ដោយស្របពេលនោះ ក៏មានរថយន្តដឹកដីធុនធំ ពាក់ស្លាកលេខ ខេមរៈមិន្ធ02 . 4.3402 ដែលជារថយន្តរបស់កងពលតូច៧០ កំពុងបើកតាមដងផ្លូវ ទិសដៅពីលិចមកកើត ចាប់ហ្វ្រាំងមិនទាន់ បុកពីមុខចំហៀងរថយន្តកាមរីឆ្លាមបណ្ដាលឲ្យគៀបជាប់នឹងបង្គោលភ្លើង ទៅមុខលេងរួច និងរងការខូចខាត ។

ក្រោយពីកើតហេតុ មិនមាននរណាម្នាក់រងរបួសនោះទេ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍កុំឲ្យកក់ស្ទះ រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមច្បាប់ ។ ដោយឡែកម៉ូតូហង់ដាឌ្រីម សេរី២០១៦ ដែលរងការខូចខាតបន្តិចបន្ទួចនោះ ត្រូវបានភាគីខាងរថយន្តកាមរីឆ្លាម សងថ្លៃខូចខាតចំនួន25$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕ ភារ៉ា ដង្កោ

IMG_5108 IMG_5146 IMG_5148 IMG_5152 IMG_5156


ចែករំលែក៖