ព័ត៌មានទាន់ហេតុការណ៍៖

ចេតនារបស់រុស្ស៊ីពេលបញ្ជូនយន្តហោះទម្លាក់គ្រាប់ទំនើបបំផុតទៅកាន់វេណេហ្ស៊ុយអេឡា

ចែករំលែក៖

រុស្ស៊ីមានគម្រោងសាងសង់ ទីតាំងយោធានៅក្រៅប្រទេសដំបូងគេបង្អស់ តាំងពី១០ឆ្នាំមុនមកម៉្លេះ ដោយ ការសាងសង់ធ្វើឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ នៅពេលនេះ គម្រោងនោះនឹងត្រូវបានអនុវត្តក្រោយពេលដែលមានការព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាល វេណេហ្ស៊ុយអេឡា ។

សារព័ត៌មាន TASS បានផ្សាយថា កាលពី១០ឆ្នាំមុន ក្រុមអ្នកឯកទេសរុស្ស៊ីបានសម្រេចជ្រើសរើស កោះ La Orchila មានចម្ងាយពីទីក្រុង ការ៉ាកាស់ វេណេហ្ស៊ុយអេឡា ប្រមាណ២០០គីឡូម៉ែត្រ ភាគឦសាន នៃប្រទេសវេណេហ្ស៊ុយអេឡា ។ ក្រោយពេល រដ្ឋាភិបាលរបស់ប្រធានាធិបតីនី កូឡាស ម៉ាឌូរ៉ូ ឯកភាពឲ្យយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី ប្រភេទទំនើបបំផុត Tu-160 បញ្ជូនទៅកាន់ កោះ La Orchila ហើយបានចុះចត់នៅទីនោះ អស់រយៈពេល ២ថ្ងៃ ។

ចំណែកសារព័ត៌មាន Daily Mail បានផ្សាយថា វេណេហ្ស៊ុយអេឡា បានអនុញ្ញាតឲ្យរុស្ស៊ីសាងសង់ទីតាំងទ័ពអាកាសនៅលើទឹកដីរបស់ខ្លួន ។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកាន់ទីនោះ គ្រាន់តែជាការសាកល្បងប៉ុណ្ណោះ នៅពេលអនាគត នឹងមាន កងទ័ព និងសព្វាវុធទំនើបៗរបស់រុស្ស៊ី នឹងឈរជើងនៅទីនោះជាមិនខាន ។

លោក Gareyev មន្ត្រីយោធាជាន់ខ្ពស់ រុស្សីបានលើកឡើងថា «យន្តហោះចម្បាំងរុស្ស៊ីមិនចាំបាច់វិលត្រឡប់ទៅកាន់រុស្ស៊ីវិញឡើយ ក៏ដូចជា មិនចាំបាច់ ចាក់សាំងនៅលើអាកាសទៀតឡើយ នៅពេលបំពេញការងារយាមល្បាត នៅទ្វីបអាមេរិក » ។

ព័ត៌មានស្តីពីការកសាងទីតាំងយោធារបស់រុស្ស៊ីនៅលើទឹកដី វេណេហ្ស៊ុយអេឡា ក្រោយពេលដែល យន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿង ហោះហើរឆ្លងកាត់ចម្ងាយផ្លូវជាង១មឺនគីឡូម៉ែត្រ ទៅកាន់វេណេហ្ស៊ុយអេឡា ។

វត្តមានយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ីបានធ្វើឲ្យអាមេរិក កាន់តែព្រួយបារម្ភ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានសរសេរនៅលើបណ្តាញ Twitter ថា «រដ្ឋាភីបាលរុស្ស៊ីបានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់ ហោះហើរចម្ងាយផ្លូវពាក់កណ្តាលផែនដី ទៅកាន់វេណេហ្ស៊ុយអេឡា ដើម្បីអ្វី? ពលរដ្ឋវេណេហ្ស៊ុយអេឡា គួរតែវាយតម្លៃទៅលើសកម្មភាពទាំងនោះ ៕


ចែករំលែក៖