ព័ត៌មានទាន់ហេតុការណ៍៖

ចេះអីតែឯង ក្រុងប៉េកាំងដំឡើងពន្ធ២៥ភាគរយលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកជាការសងសឹក

ចែករំលែក៖

មិនមែនមានតែអាមេរិកប៉ុណ្ណោះទេ ដែលអាចដាក់ទណ្ឌកម្មទៅលើប្រទេស ផ្សេងទៀតដោយសេរី បង្កឲ្យមានវិវាទយ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្ម ។ ប្រទេសជាច្រើនជុំវិញពិភពលោកពិសេសគឺប្រទេស ជាសម្ពន្ធមិត្តអាមេរិក បានស្នើដល់អាមេរិកលុបចោលនូវការដំឡើងពន្ធ ។ កន្លងមក ជប៉ុនក៏បានស្នើឲ្យអាមេរិក លុបចោលពន្ធនាំចូលអាលុយមីញ៉ូមផងដែរ។

ចំណែកចិនវិញ ក្នុងនាមជាប្រទេស មហាអំណាច សេដ្ឋកិច្ចទីពីរលើពិភព លោក មិនប្រើប្រាស់ពាក្យអង្វរលើកលែងនោះឡើយ ដោយចិនបានសម្រេច តបតអាមេរិកវិញដោយដំឡើងពន្ធនាំចូលទំនិញពីអាមេរិក ២៥ភាគរយដូចគ្នាលើទំនិញ ១២៨មុខ ជាការឆ្លើយតប។ក្នុងចំណោម ទំនិញ ១២៨មុខ ក្នុងនោះរួមមានសាច់ជ្រូក និងស្រា (wine) ដើម្បីឆ្លើយតបទៅនឹង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសដំឡើងពន្ធ លើ ការនាំចូលអាលុយមីញ៉ូម និងដែកកាលពី ដើមខែមីនា។

ការសម្រេចចិត្តដំឡើងពន្ធនេះ ត្រូវ បានគេរំពឹងថា អាចនឹងធ្វើឱ្យសហរដ្ឋ​អាមេរិក ខាតបង់ជាង ៣ពាន់លានដុល្លារ។ ចំណែកឯ ទីក្រុងប៉េកាំងបាននិយាយថា វាគឺជាការពារផលប្រយោជន៍ចិន និងតុល្យ ភាព បង្កឡើងដោយការដំឡើងពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ។ ចិនធ្លាប់បានព្រមាន រួចហើយថា ខ្លួនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនោះទេ ប៉ុន្តែថាខ្លួននឹងមិនអង្គុយស្ងៀមឡើយ បើសិនជាសេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់។ យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែអះអាងថា សង្រ្គាមពាណិជ្ជកម្មគឺជា រឿងល្អ ហើយសហរដ្ឋអាមេរិកអាចឈ្នះយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា បើទោះបីសម្រេចចិត្ត ដំឡើងពន្ធក៏ដោយ ក៏ចិននៅតែអំពាវនាវ ឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម សំដៅធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ត្រឡប់ទៅរកភាពប្រក្រតីវិញ៕ ម៉ែវ សាធី


ចែករំលែក៖