ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រពន្ធថាមានសហាយបង្កហិង្សានគរបាលឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីសួរនាំ

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនបុរសម្នាក់ ទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ ពាក់ពន្ធបង្កហិង្សាដោយចេតនាលើប្រពន្ធ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមត្ថកិច្ចប្រាប់ថា ជនដៃដល់មានឈ្មោះស៊ិន សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនាំភ្ញៀវថៃ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ ឈុំ សុភាព អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកព្រហ្ម ពិសិដ្ឋ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ បានមានប្រសាសន៍ថា មុនកើតហេតុកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះត្រូវជាប្រពន្ធកំពុងតែអង្គុយយោលកូនក្នុងអង្រឹងនៅផ្ទះយាយពេញសួង លុះក្រោយមក ប្ដីរបស់នាងរងគ្រោះបានជិះម៉ូតូឌុបមកដល់ហើយនិយាយចោទប្រពន្ធខ្លួនថា មានសហាវស្មន់ជាមួយប្រុសផ្សេង ពេលនោះប្ដីលើកដៃទះកំភ្លៀងប្រពន្ធពីរទៅបីដៃ និងយកជើងធាក់ ភ្លាមនោះជនដៃដល់ជាប្ដី ក៏បានស្ទុះយកកន្ត្រៃកាត់ក្រណាត់ វាយក្បាលបណ្ដាលឲ្យបែកហូរឈាមជោកប្រាណ និងពកជាច្រើនកន្លែង ពេលនោះជនរងគ្រោះបានរត់រកម្ចាស់ផ្ទះឲ្យជួយទើបប្ដីឈប់វាយ។

លោកបន្ថែមថា ដោយយោងតាមពាក្យបណ្ដឹង ជនរងគ្រោះត្រូវជាប្រពន្ធ និងសាក្សីនៅកន្លែងកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ជាប្ដីមកសួរនាំ ហើយជនដៃដលបានឆ្លើយបំភ្លឺថា ខ្លួនបានប្រពន្ធឈ្មោះឈុំ សុភាព អាយុ៣៣ឆ្នាំ យៈពេល២ឆ្នាំមកហើយ មានកូន១នាក់។ ខ្ញុំបាទតែងតែប្រើហិង្សាទៅលើប្រពន្ធច្រើនលើកច្រើនសារមកហើយ ដោយសារមិនចុះសម្រុងនឹងគ្នា ប៉ុន្តែចែកផ្លូវគ្នាមិនដាច់ ហើយបានទៅជួលបន្ទប់នៅកន្លែងកើតហេតុ។ ជនសង្ស័យបញ្ជាក់ថា ដោយសារតែបញ្ហាខាងលើនេះហើយ នៅថ្ងៃកើតហេតុ ខ្លួនបានយកកន្ត្រៃវាយទៅលើប្រពន្ធតែម្ដង។

ក្រោយពីកម្លាំងនគរបាលជំនញសាកសួររួចរាល់ ជនសង្ស័យ ក៏បានបញ្ជូនទៅស្នងនគរបាលចាត់ការតាមច្បាប់៕ វណ្ណា


ចែករំលែក៖