ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបមិនបានសម្រេច ជនរងគ្រោះដួលរលាតដៃជើង ចោរគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: ចោរឆក់កាបូប២នាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់មិនបានសម្រេច ខណ:ដែលស្ត្រីខាងលើកំពុងជិះម៉ូតូត្រឡប់មកពីធ្វើការ បណ្តាលឲ្យដួលដាច់សាច់ជង្គង់ខាងស្តាំ និងរបួសត្រថ្ងាស រួចជនសង្ស័យគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃសៅរ៍ ១ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខកន្លែងវេរលុយទ្រូម៉ាន់នី តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ឫស្សីកែវបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ខៀវ វ៉ាន់ អាយុ៣៦ឆ្នាំ មុខជាអ្នកអនាម័យ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវបាន ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ 4446 ដោយស្ពាយកាបូបនៅស្មា ។

តាមសម្ដីស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង។ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខបានធ្វើដំណើរស្របទិសគ្នាមកដល់ចំណុចកើតហេតុទន្ទឹមគ្នា ពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្មាគាត់តែមិនបានសម្រេច ក៏បណ្តាលឲ្យគាត់ដួលម៉ូតូរងរបួសដាច់សាច់ជង្គង់ខាងស្តាំនិងរលាត់ថ្ងាស ។

ស្រ្តីរងគ្រោះបន្តថា ក្រោយពីពួកវាធ្វើសកម្មភាពឆក់មិនបានសម្រេចហើយពួកវាបានបន្តដំណើរជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់តែម្តង ទោះបីគាត់ខំស្រែកឲ្យគេជួយដេញចាប់យ៉ាងណាក៏ដោយ ។

ក្រោយកើតហេតុជនរងគ្រោះរងបានទូរស័ព្ទហៅប្តីឲ្យមកទទួលយកទៅផ្ទះវិញដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវនោះឡើយ ៕ អរុណរះ


ចែករំលែក៖