ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចគោ ៣ក្បាលពីក្នុងក្រោលគេចបាត់ដោយសុវត្ថិភាពសមត្ថកិច្ចបានត្រឹមចុះស្រាវជ្រាវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសពិការជើងម្ខាងម្នាក់ បានតក់ស្លុតយ៉ាងពន់ពេក ខណៈក្រោកពីដំណេកបាត់សត្វគោញីឈ្មោលអស់រលីងពីក្រោល ។

ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹក ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោលគោ ខាងលិចផ្ទះចម្ងាយប្រមាណ ១៥ម៉ែត្រ ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃញី ម្ចាស់សត្វគោញី ២ក្បាល និងឈ្នួល ១ក្បាលសរុបចំនួន ៣ក្បាល ឈ្មោះ ផាន់ ផា ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ(ជាជនពិការជើងម្ខាង) បានរាបរបថា សត្វគោញីឈ្មោលរបស់គាត់ទាំងចំនួន ៣ក្បាល នៅល្ងាចថ្ងៃទី១៥ ខែឆ្នាំដដែលបានបញ្ចូលចង់រោងដូចសព្វមួយដងត្រឹមត្រូវ លុះព្រឹកឡើង(ថ្ងៃកើតហេតុ) ក៏មិនចាប់អារម្មណ៍នោះទេ ស្រាប់នៅម៉ោងខាងលើទៅយកគោចេញពីក្រោល បានបាត់អស់រលីងមិនដឹងចោរលួចពីម៉ោងប៉ុន្មាន ធ្វើឲ្យរូបគាត់សោកស្ដាយ និងតក់ស្លុតយ៉ាងពន់ពេក។

ក្នុងហេតុការណ៍ករណីចោរកម្ម(លួចសត្វគោ) បន្តទៀតថា ករណីនេះបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញា និងវែករកមុខជនប្រព្រិត្តមកផ្តន្ទាទោសតាមច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖