ព័ត៌មានទាន់ហេតុការណ៍៖

ចោលួចម៉ូតូប៉ះចំថ្ងៃស៊យត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលលួចម៉ូតូរបស់គេមិនបានសម្រេចត្រូវបានម្ចាស់ឃើញទាន់ ក៏ស្រែកផ្អើលឆោឡោតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីថៃ្ងពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះម៉ាន់ វណ្ណៈ (ហៅរាជ) អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្តា ខេត្តស្វាយរៀង ។

ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ស៊ិន សុភណ្ឌ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃទួល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រច ម៉ាកហុងដា វេវ ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ វៀតណាម 70-F6-0233 ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិតក្រុងបាវិត ប៉ុន្តែចៃដន្យ ប៉ះចំថ្ងៃស៊យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។

បច្ចុប្បន្ន:ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បី បំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖