ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមបន្តសាកសួរបុរសបង្កគ្រោះថ្នាក់ស្លាប់៣នាក់ និងរបួស៥នាក់ នៅមហាវិថីមុនីវង្ស

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧  បន្តសាកសួរបុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស៣នាក់និង៥នាក់រងរបួសធ្ងន់ស្រាល នៅមហាវិថីមុនីវង្ស ។ ទោះបីយ៉ាងណា លទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងនោះទេ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ជនត្រូវចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនត្រូវចោទ ត្រូវបានតុលាការចោទប្រកាន់ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រគង់ហុង មហាវិថីមុនីវង្សកែងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ដែលគ្រោះថ្នាក់ចរាចរ បង្កឡើងដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2M-2245 បានធ្វើដំណើរ បញ្ច្រាស់ទិសចរាចរណ៍ លុះមកដល់ចំណុចកើតហេតុ បានបុករះម៉ូតូចំនួន០៧គ្រឿងដែលធ្វើដំណើរច្រាសទិសគ្នាបណ្តាលឲ្យមនុស្សស្លាប់៣នាក់រងរបួសធ្ងន់៥នាក់រងរបួសស្រាល៣នាក់ រថយន្តខូចខាតធ្ងន់និងម៉ូតូខូចខាតធ្ងន់០៦គ្រឿង និង ខូចខាតស្រាល០១គ្រឿង៕ ចេស្តា


ចែករំលែក៖