ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចតែរត់គេចខ្លួនមិនរួចត្រូវនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសបែកក្បាល ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីម្នាក់បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន តែគេចមិនរួច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំក្របួចជាប់ ។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវព្រះនរោត្តម កែង ផ្លូវ លេខ ១០២ ភូមិ០៤ សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១ ឈ្មោះ ញ៉ែម សុីនាថ ភេទប្រុស អាយុ ១៨ ឆ្នាំ និងឈ្មោះ ម៉េត យ៉ា ភេទប្រុស ១៨ឆ្នាំ ពាក់ព័ន្ធពីបទ លួចមានស្ថានទម្ងន់ទោស ប្រេីអំពេីហិង្សា( ឆក់កាបូបស្ពាយ)។

ប្រភពដដែលបានបន្តទៀតថា មុខពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ បានល្បាតតាមមូលដ្ឋាន ក៏ឃើញជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូ បានសម្រេចហើយក៏ព្យាយាមរត់គេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ រួមនឹងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ នាំគ្នាដេញចាប់រហូតឃាត់ខ្លួនបាន ហើយប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃ មួយជើងបណ្ដាលឲ្យរងរបួសបែកក្បាល និងដកហូតម៉ូតូ១គ្រឿង ដែលពួកគេជិះធ្វើសកម្មភាព ។

វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន:ម៉ូតូ ០១ ម៉ាកសង់សេ ១១០ ពណ៌ខ្មៅ លេខតួនិង ម៉ាសុីន ៨០០០៥៤២ ពាក់ស្លាកលេខ ស្វាយរៀង 1C 9369 ជារបស់ជនសង្ស័យ ឈ្មោះ ញ៉ែម ស៊ីនាថ ។ កាបូបស្ពាយ ពណ៌ខ្មៅ ១, លុយដុល្លាចំនួន 100$ និងលុយខ្មែរ80.000រៀល, ទូរសព្ទ័ដៃ១គ្រឿង ម៉ាក OPPO ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖