ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបស្ត្រីជនជាតិជប៉ុនម្នាក់ បានសម្រេចជាង១ម៉ោងក្រោយ ត្រូវជនរងគ្រោះតាមរកឃើញភ័យផ្ដួលម៉ូតូរត់គេចខ្លួនអស់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិជប៉ុនម្នាក់ ត្រូវក្រុមចោរឆក់មានគ្នា៣នាក់មកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនបាត់ ជាង១ម៉ោងក្រោយ ជនរងគ្រោះតាមរកឃើញនៅខណ្ឌឬស្សីកែវ ធ្វើឲ្យពួកចោរភ័យផ្ដួលម៉ូតូចោលរួចរត់ចែកជើងគ្នាបាត់អស់ ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។

ករណីឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៤០នាទី​ រសៀលថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០១៩ តាមបណ្តោយផ្លូវ២០០១​ ភូមិស្ពានខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ។

ជនរងគ្រោះឈ្មោះ យូ​ ជីយោ ភេទស្រី ជនជាតិជប៉ុន អាយុ៤៦ឆ្នាំ​ មុខរបរ​ នៅផ្ទះស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ សម្ភារ​បាត់បង់៖ ទូរស័ព្ទម៉ាកអាយុហ្វូន១គ្រឿង​ អាយផេតមួយគ្រឿង​ លុយ៣០ដុល្លារ និងឯកសារមួយចំនួនទៀត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវនៅម្តុំផ្សារធីខេ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក ហើយក៏ត្រូវក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។ លុះរហូតដល់ម៉ោងកើតហេតុ ដោយជនរងគ្រោះ មានដាក់ប្រព័ន្ធ GPS ជាប់ទូរស័ព្ទ បានឆែករកឃើញទីតាំងជនសង្ស័យ នៅផ្លូវបេតុង២០០១ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏ទៅរកតាម ឃើញក្រុមជនសង្ស័យកំពុងនៅជុំគ្នា ខណ:នោះពួកគេងាកមកឃើញជនរងគ្រោះវិញ ភ័យស្លន់ស្លោ នាំគ្នារត់ឡើងម៉ូតូមួយគ្រឿងគ្នា៣នាក់ ជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក និក ពណ៌ប្រផេះលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HF 9261 នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចខណ្ឌឬស្សីកែវ បានចុះទៅដល់កន្លែងកើតហេតុ តែតាមមិនទាន់ជនសង្ស័យឡើយ រួចក៏សាកសួព័ត៌មានពីជនរងគ្រោះ បន្ទាប់មកទាក់ទងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១ នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ៕ ស តារា

 


ចែករំលែក៖