ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូលុយពីបុរសម្នាក់មិនបានសម្រេច ប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋបានព្រួតចោរឆក់ម្នាក់ក្នុងចំណោមបក្ខពួក៤នាក់រួចនាំគ្នាវាយម្នាក់ មួយដៃមួយជើងទ្រមខ្លួន ទើបយកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកចាត់ការតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់តាមដងផ្លូវតែមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ៣០នាទី យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៧០ កែងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រី្តនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉េង ឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាជាងកញ្ចក់ ស្នាក់នៅម្ដុំវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកឆក់។ជនសង្ស័យរូបនេះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-3788 ហើយត្រូវសមត្ថកិច្ចដកហូតបាន។ ចំណែកបក្ខពួក៣នាក់ទៀតគេចខ្លួនបាត់មិនត្រូវបានគេស្គាល់ឈ្មោះនិងអាសយដ្ឋានឡើយ។ រីឯជនរងគ្រោះសមមិនបញ្ចេញឈ្មោះ បានរងរបួស ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ ។

តាមការសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថាមុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ ជិះម៉ូតូម៉ាកហុដាឌ្រីម២គ្រឿង ស៊េរីឆ្នាំ២០១៥ មួយគ្រឿង និងឆ្នាំ២០០៩មួយគ្រឿង ចេញពីម្ដុំវត្តសំរោង អណ្ដែតមកកាន់ស្ពានជ្រោយចង្វា។ពេលនោះ ដោយមានឱកាសល្អ រូបគេក៏ធ្វើសកម្មភាពឆក់កាបូបបុរសខាងលើតែម្តង តែសំណាងអាក្រក់ឆក់មិនបានសម្រេច ព្រោះពេលនោះ មានប្រជាពលរដ្ឋម្នាក់បើករថយន្តដេញតាមកៀរឲ្យឲ្យខ្លួនដួលម៉ូតូហើយត្រូវប្រជាពលរដ្ឋចាប់បានតែម្ដង។ ចំណែកបក្ខពួករបស់ខ្លួន៣នាក់ទៀតនាំគ្នាជិះម៉ូតូមួយគ្រឿងទៀតជិះគេចខ្លួនបាត់។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ យកជនសង្ស័យនិងម៉ូតូដែលគេជិះធ្វើសកម្មភាពទៅសួរនាំនិងកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖