ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីខុសបច្ចេកទេសឆក់ស្លាប់២នាក់នៅទីតាំង២ផ្សេងគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ចង់ចាប់ត្រីក្នុងត្រពាំងយកមកធ្វើម្ហូប បែកគំនិតតភ្លើងចេញពីផ្ទះដើម្បីឆក់ត្រីក្នុងត្រពាំងមុខផ្ទះ ស្រាប់តែរអិលជើងដួលត្រូវចរន្តអគ្គិសនីឆក់ខ្លួនឯងស្លាប់កាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស២០១៧ ។

ជនរងគ្រោះឈ្មោះ ឃឹម សុវណ្ណរ៉ា អាយុ ៣០ឆ្នាំ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹង ថា មុនពេលកើតហេតុជនរងគ្រោះបានតខ្សែភ្លើងចេញពីផ្ទះដើម្បីឆក់ត្រីក្នុងត្រពាំង មុខផ្ទះដែលមានចម្ងាយប្រមាណ១០ម៉ែត្រ តែមិនដឹងមានបញ្ហាអ្វីស្រាប់តែឆ្លងចរន្ត អគ្គិសនីឆក់ខ្លួនឯងស្លាប់ក្នុងត្រពាំងទឹកទៅវិញ ។

ក្រោយពេលកើតហេតុនគរបាលមូល ដ្ឋានបានចុះមកដល់ទីតាំងកើតហេតុពិនិត្យ សាកសពមិនពាក់ព័ន្ធបទល្មើសក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ។

ដោយឡែកបុរសម្នាក់ទៀតដែលមាន មុខរបរឆក់ត្រីជាប្រចាំបានស្ពាយឧបករណ៍ ឆក់ត្រីចាកចេញពីផ្ទះដើម្បីរកឆក់ត្រីដូច សព្វដងតាំងពីក្បាលព្រលប់។ លុះដល់ព្រឹកទើបភរិយានាំសាច់ញាតិដើររកឃើញដេកស្លាប់ក្នុងទឹក ។

ហេតុការណ៍នេះបង្កឲ្យមានការផ្អើលឡើងកាលពីព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចអូរអន្លង់ជ្រៅ ខាងកើតភូមិតាសាល ឃុំក្ទម្ពក្រាំង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ឈៀង ឌីណា អាយុ ៣៦ឆ្នាំ រស់នៅភូមិតាសាល ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ធ ឈ្មោះ កែវ រ៉ាន់ អាយុ៣៦ឆ្នាំ ។

ប្រភពព័ត៌មានពីភរិយាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីម៉ោង៨និង ៤៥នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ប្តីរបស់ គាត់បានស្ពាយឧបករណ៍ឆក់ត្រីចេញពីផ្ទះសំដៅមករកកន្លែងឆក់ត្រីដើម្បីយកត្រី លក់យកលុយចិញ្ចឹមគ្រួសារដូចសព្វដង។ លុះមិនឃើញប្តីត្រឡប់មកផ្ទះវិញ ទើបគាត់ ហៅសាច់ញាតិឲ្យជួយស្វែងរករហូតដល់ចំណុចកើតហេតុក៏ឃើញប្តីដេកស្លាប់ក្នុង ទឹកបាត់ទៅហើយ។ ក្រោយប្រទះឃើញ សពប្តីរបស់គាត់បានរាយការណ៍ប្រាប់ សមត្ថកិច្ចភ្លាមៗ ។

ករណីខាងលើកម្លាំងនគរបាលផ្នែក ព្រហ្មទណ្ឌនិងកម្លាំងនគរបាលបច្ចេកទេស សហការជាមួយកមលាំងនគរបាលប៉ុស្ដិ៍ក្ទម្ពក្រាំងពិនិត្យទៅលើសាកសពជនរងគ្រោះ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ៕ សេនាស័ក្តិ


ចែករំលែក៖