ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃ បានសម្រេចភ័យពេកដួលម៉ូតូត្រូវសមត្ថកិច្ចចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនក៏ត្រូវជនរងគ្រោះជិះតាមស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យជិះម៉ូតូដួល គាប់ជួនកម្លាំងល្បាតនៅក្បែរនោះចាប់ក្របួចជាប់ ។ ចំណែកជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនវិញ ហើយជិះទៅបាត់តែម្តង ។

ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីយប់ នៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមាន ឈ្មោះ ឈុន ភត្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១១៥ ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ ទេ។ និងវត្ថុតាងដកហូតបានពីជនសង្ស័យមាន៖ ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ីគីស្មាស់ ពណ៌ស ផលិតឆ្នាំ ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AO-7499 ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ីគីស្មាស់ ពណ៌ស តាមបណ្តោយផ្លូវសម្តេចជាស៊ីម លុះជិះមកដល់ចំណុចកើតហេតុឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ដោយយកទូរស័ព្ទដាក់ទុកក្នុងក្លុបម៉ូតូក្រោមប្រអប់សោរ ។ ភ្លាមនោះដោយឃើញឪកាសល្អជនសង្ស័យក៏ជិះមកអែប រួចក៏ធ្វើសកម្មភាពលូកយកទូរស័ព្ទជនរងគ្រោះ បានសម្រេចហើយជិះម៉ូតូយ៉ាងលឿន ពេលនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ រហូតដល់ចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ជនសង្ស័យក៏បានដួលម៉ូតូ ឃើញដូចនោះជនរងគ្រោះក៏យកទូរស័ព្ទរបស់ខ្លួនវិញ រួចជិះម៉ូតូទៅមុខបាត់តែម្តង ដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។

បន្ទាប់មកភ្លាមៗនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដែលកំពុងល្បាតក្បែរកន្លែងកើតហេតុ ក៏អន្តរគមន៍ ឃាត់ខ្លួនជនសង្ស័យជាក់ស្តែងយកមកសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូដែលជិះធ្វើសកម្មភាពនោះ ត្រូវបានសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖